ព័ត៌មានទាន់ហេតុការណ៍៖

ទាហានឈុតខ្មៅថៃក្នុងកងរយ៥៤១ រងការចោទប្រកាន់យកគ្រាប់បែក១គ្រាប់មកដាក់បង្កៃក្នុងចំការដំឡូងមីក្នុងទឹកដីកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ទាហានឈុតខ្មៅថៃក្នុងកងរយ៥៤១ រងការចោទប្រកាន់ពីកម្លាំងការពារព្រំដែនកម្ពុជា ថាបានចូលក្នុងទឹកដីកម្ពុជា ហើយយកគ្រាប់បែក១គ្រាប់ដាក់បង្កៃក្នុងចំការដំឡូងក្នុងគោលបំណងបង្កហេតុធ្វើឱ្យពលរដ្ឋខ្មែររងគ្រោះ នាំឱ្យសមត្ថកិច្ចកម្ពុជា បានកោះហៅមេទាហានឈុតខ្មៅកងរយ៥៤១ដែលឈរជើងទល់មុខភូមិសាស្រ្តស្រុកកំរៀងមកធ្វើការប្រមាន។ការប្រទះឃើញគ្រាប់បែកក្រោយពីសមត្ថកិច្ចកម្ពុជា ក្នុងអង្គភាពនគរបាលការពារព្រំដែនគោក លេខ៨១៩ ដើរល្បាតតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង នៅខាងត្បូងពីបង្គោលសីម៉ាលេខ៥៩ ប្រហែល១០០ម៉ែត្រ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានឃ្លាំមើលឃើញទាហាណឈុតខ្មៅថៃចូលមកដាក់គ្រាប់បែកជាក់ស្តែង។សេចក្តីរាយការណ៍ឱ្យដឹងថាគ្រាប់បែកនោះត្រូវបានទាហានឈុតខ្មៅ មកដោះយកទៅវិញក្រោយពីកងកម្លាំងកម្ពុជាជួបប្រជុំជាមួយមេទាហានឈុតខ្មៅនៅល្ងាចថ្ងៃដដែល។

លោកឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងទទួលការងារព្រំដែននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹថា គ្រាប់បែកដែលទាហានឈុតខ្មៅយកមកដាក់បង្កៃជាប្រភេទគ្រាប់បែកផាវ អាចបង្កឱ្យមនុស្សគ្រោះថ្នាក់។ទាហានឈុតខ្មៅគេនិយាយយកលេសថាដាក់ដើម្បីទប់ស្កាត់ការនាំចេញម៉ូតូតាមច្រករបៀងនោះ។ប៉ុន្តែលោកស្នងការរងលើកឡើងនិងធ្វើការច្រានចោលថាច្រកនោះគ្មានការនាំម៉ូតូចូលមនោះទេ។

លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំជាមួយមេទាហានឈុខ្មៅថៃ ដោយកម្លាំងកម្ពុជា បានប្រមានធ្ងន់ៗ បើសិនទាហានថៃថ្ងៃក្រោយចូលមកធ្វើសកម្មភាពផ្តេសផ្តាសក្នុងទឹកដី កម្ពុជាគ្មានការអនុញ្ញាត និងត្រូវបាញ់ចោលតែម្តង។ ករណីខាងលើមេទាហានឈុតខ្មៅថៃគេបានសារភាពទទួលកំហុសនោះហើយ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនិងបញ្ហាព្រំដែនកន្លងមកភាគីកម្ពុជា -ថៃគ្រប់នៃកិច្ចប្រជុំតែងតែនិយាយអំពីកិច្ចសហប្រតិបត្តិការយោគយល់គ្នាទៅវិញមក បើសិនមានបញ្ហាអ្វីកើតឡើងភាគីទាំង២ត្រូវជូនដំណឹងនិងដោះស្រាយបញ្ហានិយាយជជែកគ្នាលើតុ ប៉ុន្តែគេសង្កេតឃើញថាភាគីថៃកន្លងមកការអនុវត្តមិនគោរពតាមខ្លឹមសារនៃកិច្ចប្រជុំនោះឡើយ។សកម្មភាពចូលមកដាក់គ្រាបបែកក្នុងទឹកដីកម្ពុជាពីសំណាក់ទាហានឈុតខ្មៅបែបនោះក៏ត្រូវគេមើលឃើញថា ជាការរំលោភបំពានបូរណភាពទឹកដីកម្ពុជា ដោយគ្មានការកោតខ្លាចញញើតសូម្បីបន្តិចនោះឡើយ៕ សំ វិច្ឆិកា

img_3976 img_3971 img_3973 img_3974


ចែករំលែក៖