ព័ត៌មានទាន់ហេតុការណ៍៖

បាត់កូនក្រមុំត្រូវចូលរោងការ គ្រាដែលមកផ្សារយករូបថត

ចែករំលែក៖

ខេត្តកំពង់ចាម៖ នាងក្រមុំម្នាក់ត្រូវចូលរោងការថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ឥឡូវនេះត្រូវបាត់ខ្លួន គ្រាដែលមកផ្សារទីរួមខេត្តកំពង់ចាមជាមួយបងស្រីកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ការបាត់ខ្លួនកូនក្រមុំធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភជាខ្លាំង និងអំពាវនាវឲ្យនាងត្រឡប់មកវិញ ។ ជាមួយនោះ ក្រុមគ្រួសារក៏បានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីឲ្យជួយរកផងដែរ ។

ប្រភពពីម្តាយ និងបងស្រីបានឲ្យដឹងថា នារីបាត់ខ្លួនឈ្មោះ សាន ចិន្តា អាយុ១៨ឆ្នាំ រស់នៅភូមិរោងចក្រ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ប្រភពបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នាង និងបងស្រីបាននាំគ្នាមកពីស្រុកចំការលើដើម្បីយករូបថត ដែលដាក់តាំងនៅមុខរោងការនៅឯផ្សារធំកំពង់ចាម ។ នៅពេលដែលមកដល់ទីរួមខេត្ត នាងសាន ចិន្តា បានបបួលបងស្រីទៅលេងផ្សារធំ ខេត្តកំពង់ចាម ។ នៅគ្រាដែលបណ្តើរគ្នានៅក្នុងផ្សារ មិនសូវមានមនុស្សប៉ុន្មាននោះ ស្រាប់តែបាត់នារីសាន ចិន្តានោះទៅ ។

បើតាមបងស្រីបានឲ្យដឹងថា នៅពេលបាត់ខ្លួន នារីសាន ចិន្តា បានពាក់អាវដៃវែង និងស្លៀកខោខ្លីត្រឹមជង្គង់ ។ បើតាមបងស្រីអះអាងថា នាងសាន ចិន្តា អាចត្រូវចាញ់បោកស្ត្រីនៅក្នុងផ្សារនេះ ។ នាងមិនមានទំនាក់ទំនងជាមួយបុរសដទៃនោះឡើយ បើទោះបីជាមុនពិធីភ្ជាប់ពាក្យជាមួយគូដណ្តឹង ជាមួយបុរសដែលត្រូវរៀបការនៅថ្ងៃទី២១ ខែធ្នូ ប្រភពពីអ្នកជិតខាងថា នាងមានសង្សារម្តងរួចហើយក៏ដោយ ។ ប្រភពពីបងស្រីបន្ថែមថា នាង សាន ចិន្តា គ្មានទំនាក់ទំនងជាមួយបុរសណានោះទេ ដូច្នេះជាការបញ្ជាក់ថា ការបាត់ខ្លួននាងសាន ចិន្តា មិនមែនដោយស្នេហាជាមួយបុរសផ្សេងក្រៅពីអនាគតប្តីដែលត្រូវរៀបការថ្ងៃទី២១ ខែធ្នូ នោះឡើយ ។

រហូតមកដល់រសៀល ថ្ងៃទី១ ខែវិច្ឆិកា ក្រុមគ្រួសារនាងសាន ចិន្តា នៅតែអះអាងថា នាងសាន ចិន្តា មិនទាន់មានតម្រុយនៅឡើយ ។

មន្ត្រីនគរបាលខេត្តកំពង់ចាម ហាក់ដូចជាយល់ផ្សេងពីការលើកឡើងរបស់បងស្រីនារីដែលបាត់ខ្លួន ៕ ហេង នរិន្ទ្រន៍

fb_img_1480549687361 fb_img_1480549690021 fb_img_1480549697486


ចែករំលែក៖