ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចោទនាយប៉ុស្តិ៍នគរបាលការពារព្រំដែនបង្គោលឡាក់៦៨របស់វរៈព្រំដែនលេខ៨២១ឃុបឃិតជាមួយឈ្មួញរកស៊ីឈើបើកដៃឱ្យកម្មករខ្មែរឆ្លងដែនខុសច្បាប់ទៅលីឈើនៅទឹកដីថៃ

ចែករំលែក៖

ខេត្តប៉ៃលិន៖ មានសេចក្តីរាយការណ៍ មួយបានឱ្យដឹងថា នាយប៉ុស្តិ៍នគរបាលរបស់វរៈព្រំដែនលេខ៨២១ ដែលឈរជើងនៅត្រង់ចំណុចបង្គោលឡាក់លេខ៦៨ ក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុង ប៉ៃលិន បាននិងកំពុងតែរកស៊ីឃុបឃិតជាមួយក្រុមឈ្មួញដោយបើកដៃ និងជួលឱ្យប្រជាពលរដ្ឋខ្មែរចូលទៅលីសែងឈើនៅក្នុងទឹកដីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង ។

ការឆ្លងដែនខុសច្បាប់ចូលទៅយកឈើប្រណីតពីក្នុងប្រទេសថៃស្ទើរតែរាល់ថ្ងៃនេះគឺមានរយៈពេលជាយូរមកហើយ ដោយ យកឈើទៅដាក់ស្តុកទុកនៅខាងក្រោយបន្ទាយមួយនេះ ពេលមានឱកាសល្អក៏ដឹកតាមរថយន្តយកទៅលក់តែម្តង ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានសេចក្តីរាយការណ៍ មកថា ក្រុមឈ្មួញបានឱ្យប្រជាពលរដ្ឋលីសែងឈើយកទៅដាក់នៅខាងក្រោយ បន្ទាយរួចលើកដាក់រថយន្តទាំងយប់ដឹកទៅក្រុង ប៉ៃលិនរួចបន្តទៅទិសខាងកើតឆ្លងកាត់ខេត្តបាត់ដំបងដើម្បីយកទៅលក់ឱ្យឈ្មួញ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា លោក ស្រី សុខ នាយប៉ុស្តិ៍របស់វរៈព្រំដែនលេខ៨២១ បានឃុបឃិតជាមួយឈ្មួញម្នាក់ឈ្មោះ អឿន រស់នៅក្នុងក្រុងប៉ៃលិនដោយជួល កម្មករខ្មែរឱ្យចូលទៅលីសែងឈើប្រណីតរាល់ថ្ងៃដូចជាបេង នាងនួន គ្រញូងនៅក្នុង ព្រៃនៃទឹកដីប្រទេសថៃជាយូរឆ្នាំមកហើយ។ តែគ្មានអាជ្ញាធរក៏ដូចជាមន្រ្តីរដ្ឋបាលព្រៃឈើណាម្នាក់ហ៊ានចុះទៅបង្ក្រាបនោះឡើយ ព្រោះគេមានខ្នងធំនៅពីក្រោយ ។

ប្រភពបន្តទៀតថា ការចូលទៅយកឈើនៅក្នុងទឹកដីប្រទេសថៃនេះពិតជាមាន ការលំបាកខ្លាំងណាស់ដោយដើរឆ្លងពីភ្នំ មួយទៅភ្នំមួយអស់រយៈពេល២ទៅ៣ថ្ងៃ ទើបវិលត្រឡប់មកវិញ ហើយផ្សងនឹងគ្រោះ ថ្នាក់បំផុតបើសិនជាមានទាហានថៃជួប តាមផ្លូវ ឬចាប់បានគេអាចនឹងបាញ់សម្លាប់ចោលនៅក្នុងព្រៃនោះព្រាត់ប្រាស់ប្រពន្ធ កូនជាក់ជាមិនខាន ។

ពលរដ្ឋបញ្ជាក់ទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះមន្ត្រីនគរបាលខាងលើរួមជាមួយនឹងឈ្មួញបានជួលកម្មករប្រហែល ៣០ទៅ៤០នាក់ឱ្យដើរចូលទៅក្នុងព្រៃ ជ្រៅដើម្បីយកឈើមកដាក់ទុកនៅក្នុងខ្ទមមួយខាងក្រោយបន្ទាយរួចហើយឲ្យត្រឡប់ ទៅវិញទៀត។ ពួកគាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព ព្រោះធ្លាប់ ទទួលដំណឹងពីបណ្តាខេត្តផ្សេងៗដូចជាខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យត្រូវ បានទាហានថៃបាញ់ឲ្យរបួសនិងស្លាប់ជាច្រើននាក់ខណៈឆ្លងដែនទៅកាប់ឈើក្នុង ទឹកដីគេកាលពីពេលថ្មីៗកន្លងទៅនេះ។ ដូច្នេះបើសិនជាកម្មករទាំងនោះជួបបញ្ហាគ្រោះថ្នាក់នឹងគ្មាននរណាទទួលខុសត្រូវនោះឡើយគឺគេគិតតែពីផលប្រយោជន៍ របស់គេប៉ុណ្ណោះ ។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះលោក ស្រី សុខ នាយប៉ុស្តិ៍នគរបាលការពារព្រំដែន របស់វរៈព្រំដែនលេខ៨២១ ត្រង់ចំណុច បង្គោលឡាក់៦៨បានឆ្លើយបដិសេធថា ខាងលោកអត់បានដឹងរឿងនេះទេ ហើយក៏មិនបានរកស៊ីឈើខុសច្បាប់អ្វីជាមួយឈ្មួញតាមដែលគេរាយការណ៍ប្រាប់អ្នកសារព័ត៌មាននោះដែរ ។

លោក ម៉ៅ វឿន ហៅណាង នាយករង ការពារតំបន់សំឡូត-ប៉ៃលិនបានឱ្យដឹងថា ខាងលោកធ្លាប់ទទួលបានដំណឹងនេះជា រឿយៗដែរ តែនេះមិនមែនជាតួនាទីរបស់ខាងមន្រ្តីបរិស្ថាននោះឡើយគឺជាតួនាទី របស់កងទ័ពឬខាងនគរបាលវរៈព្រំដែន។ ទោះបីយ៉ាងណាក៏ដោយខាងលោកក៏មិនអនុញ្ញាតឱ្យបទល្មើសព្រៃឈើឆ្លងដែនឆ្វេច ឆ្វាចនៅតាមព្រំដែនឡើយ ព្រោះនៅថ្ងៃណាមួយប្រជាពលរដ្ឋទាំងនោះនឹងទទួល រងគ្រោះថ្នាក់ដល់អាយុជីវិត ហើយលោក នឹងបង្រ្កាបតាមតួនាទីរបស់ខ្លួនដែលអាចធ្វើទៅបាន ៕ ស សារ៉េត

3 2 1 4


ចែករំលែក៖