ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងឃុំស្រែឫស្សីរអ៊ូរទាំថា មេឃុំមិនយកចិត្តទុកដាក់ពេលផ្លូវខូច មើលរំលង

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ប្រជាពលរដ្ឋជាច្រើននិយាយថា ផ្លូវក្នុងឃុំ របស់ពួកគាត់ខូចសឹងតែទាំងអស់ទៅហើយ មេឃុំមិនសូវយកចិត្តទុកដាក់នោះទេ តែងតែដើរហួស មើលរំលង ស្ថិតក្នុងភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ។

ប្រជាពលរដ្ឋម្នាក់បាននិយាយថា ផ្លូវមួយខ្សែដែលធ្វើឡើងដោយមូលនិធិឃុំតាំងពីឆ្នាំ២០១៣មកម្ល៉េះ ឥឡូវខូចបណ្តើរៗហើយ មានកន្លែងខ្លះខូចស្ទើរតែទាំងស្រុង ខ្លះទៀតទឹកហូរច្រោះ ធ្វើឲ្យដាច់ផ្លូវបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាច្រើនខ្លះទៀត អាចឈានដល់បាត់បង់អាយុជីវិតទៀតផង ព្រោះផ្លូវធ្វើគ្មានប្រព័ន្ធលូសម្រាប់ហូររំដោះទឹកចេញនោះ ទេ ហើយម្យ៉ាងវិញទៀត នៅពេលរដូវវស្សាធ្វើឲ្យទឹក លិចផ្លូវពិបាកក្នុងការធ្វើដំណើឆ្លងកាត់ទៅមក ពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្តស្រុក និងឃុំ មេត្តាជួយមើលផ្លូវមួយខ្សែនេះផង សូមកំមើលរំលងអី ព្រោះលោកមេឃុំ គាត់មិនសូវមើលឃើញនោះទេ បញ្ហាផ្លូវខូចនេះ ។
ពលរដ្ឋបន្តទៀតថា មានកន្លែងខ្លះបាក់លូកាត់ផ្លូវបង្កទៅ ជាជង្ហុកធ្វើឲ្យអ្នកធ្វើដំណើរមិនបានប្រយ័ត្ន អាចមានគ្រោះថ្នាក់ដល់អាយុជីវិតក៏មានហើយគ្មានការទទួលខុសត្រូវ សូម្បីតែដាក់ស្លាកសញ្ញាចំណាំងផ្លាត ដើម្បីឲ្យអ្នកធ្វើដំណើរមានការប្រុងប្រយ័ត្ន ក៏គ្មានដែរ នេះហើយជាបញ្ហារបស់ពួកគាត់ ។

ជុំវិញវិញរឿងនេះដែរ លោកលួន ណាន មេឃុំស្រែឫស្សីបានឲ្យដឹងថា ផ្លូវមួយខ្សែនេះធ្វើតាំងពីឆ្នាំ២០១៣ មកម្ល៉េះ វាល្មមខូចខាតខ្លះហើយ ព្រោះប្រជាពលរដ្ឋដឹកជញ្ជូនផលកសិផលធ្ងន់ៗពេក ជាពិសេសដឹកឈើតាមរថយន្ត និងម៉ូតូជារៀងរាល់ថ្ងៃផងនោះ រឿងអីវាមិនខូច ហើយបញ្ហាផ្លូវដាច់នោះ គាត់អត់ដឹងដែរ ចាំលោកឲ្យក្រុមការងារទៅមើលហើយនិងដាក់ស្លាកសញ្ញាការពារគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរបណ្តោះអាសន្នសិនទម្រាំថវិកាមូលនិធិឃុំធ្លាក់មក លោកនឹងជួសជុលឡើងវិញហើយម្យ៉ាងវិញទៀត ថវិកាមូលនិធិសម្រាប់ទ្រទ្រង់ឃុំពីមុនក្នុងមួយឆ្នាំ៧០លានរៀល តែឥឡូវនៅសល់តែ៤៦លានរៀលទេ ព្រោះក្រសួងកាត់មកបញ្ចូលប្រាក់បៀវត្សរ៍ឲ្យមេឃុំ និងក្រុមព្រឹក្សាឃុំ និងមេភូមិ សមាជិកភូមិ ដើម្បីឲ្យសមស្របទៅនឹងតម្លៃការងាររបស់ពួកគាត់ ៕ មាស សុផាត

1 2 3 4 5 6 7 8


ចែករំលែក៖