ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីគាស់បន្ទប់លួចទ្រព្យសម្បត្តិបានសម្រេច រត់មិនរួច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគាស់បន្ទប់លួចទ្រព្យសម្បត្តិបានហើយ តែដោយអកុសលរត់មិនរួចត្រូវបានម្ចាស់ផ្ទះគេទាន់ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ក្បែរសួនកាណាស៊ីធី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ដើមបណ្តឹងជាម្ចាស់ផ្ទះជួលមានឈ្មោះ ឈិន ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជាថៅកែផ្សារវីម៉ីង កាណាឌីយ៉ា ហើយក៏ជាម្ចាស់ផ្ទះជួល ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ចំណែកជនសង្ស័យចាប់ឃាត់ខ្លួនបានមានឈ្មោះ សុខ ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ មានស្រុកនៅភូមិព្រៃឈើ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសម្តីម្ចាស់ផ្ទះជួលបានឲ្យដឹងដា នៅមុនពេលកើតហេតុ ជនសង្ស័យបានឡើងទៅលើផ្ទះជួល ជាន់ទី៣ ហើយបានធ្វើសកម្មភាពលួចឆ្កឹះសោបន្ទប់ជួល លេខ២២១ ជាបន្ទប់ជួលរបស់កម្មករសំណង់ម្នាក់ បានចាក់សោចេញទៅធ្វើការបាត់ ហើយជនសង្សូ័យបានប្រមូលទ្រព្យសម្បត្តិ ហើយដើរចាកចេញ ចុះមកដី តែសំណាងល្អ មើលឃើញតាមរយះកាមេរ៉ាសុវត្តិភាព ដឹងថាជនសង្ស័យធ្វើសកម្មភាព លួចឆ្កឹះសោបន្ទប់ហើយ ដេញតាមចាប់បានភ្លាមៗ ដឹកយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ រួមជាមួយវត្ថុតាង ឧបករណ៍ដែកសម្រាប់កាច់សោ ចំនួន១ សម្ភារៈដកហូតបានមួយចំនួនទៀត ។ សម្ភារដែលជនសង្ស័យលួចយកនោះមាន គ្រឿងបរិក្ខាអគ្គីសនី រួមទាំងអង្ករកន្លះបាវផង ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបាន នាំសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖