ខេត្តកំពង់ចាម ៖ ករណីវាយប្រហារ ដោយទឹកអាសុីតទៅលើស្ត្រីរងគ្រោះ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបាន សមត្ថកិច្ចស្រាវជ្រាវវែកមុខជនសង្ស័យឃើញ ហើយ គឺជាប្តីរបស់ស្ត្រីរងគ្រោះផ្ទាល់តែ ម្តង ហើយសមត្ថកិច្ចបានឃាត់ខ្លួនកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បី ចាត់ការតាមច្បាប់ ។
សូមរំលឹកថា កាលពីវេលាម៉ោង៥ទៀប ភ្លឺថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ មានជនមិន ស្គាល់មុខបានជះទឹកអាសុីតទៅលើស្ត្រី ម្នាក់ឈ្មោះ ងន់ សុខឡេង អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិ១០ ឃុំព្រែកតាគង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោក ប្រេង ហុីម អធិការនគរបាល ស្រុកកោះសូទិនបានឲ្យដឹងថា ក្រោយកើត មានហេតុការណ៍ជះទឹកអាសុីតលើស្រ្តីរងគ្រោះរួចមកសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវនៅផ្ទះស្ត្រីរងគ្រោះរហូតកំណត់មុខ សញ្ញាជនសង្ស័យបានគឺឈ្មោះ សេង ប៊ុនណាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុដែលជាប្តីស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃកើតហេតុ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះសេង ប៊ុនណាត បាននិយាយថា ប្រហែលជិត២០ឆ្នាំមកហើយ ខ្លួន(សេង ប៊ុនណាត) បានរៀបអាពាហ៍ពិពាហ៍ជា មួយស្ត្រីរងគ្រោះរហូតមកដល់បច្ចុប្បន្ន មានកូន២នាក់ហើយ ។ ប្រហែលជា១០ឆ្នាំ កន្លងមកនេះដោយសារជីវភាពខ្វះខាត គ្រួសារលោកបាននាំគ្នាទៅរស់នៅខេត្ត រតនគិរីប្រកបមុខរបរធ្វើចម្ការ ។
ជនសង្ស័យបន្តថា ប្រហែល៣ខែមុន ខ្លួនបានឲ្យប្រពន្ធខ្ចីលុយប្អូនថ្លៃចំនួន៣០០ ដុល្លារដើម្បីចូលធ្វើការជាមួយក្រុមហ៊ុន មួយជាមួយមិត្តភក្តិរកសុីទិញឈើ ។ រំលង បានមួយអាទិត្យមិនឃើញបានឈើ ប្រពន្ធ ក៏ទារលុយដើម្បីយកទៅសងប្អូនវិញ តែ ពេលនោះខ្លួនប្រាប់ថា ចាំ២-៣ថ្ងៃសិនខ្លួន នឹងទៅទារយកលុយ៣០០ដុល្លារពីមិត្ត ភក្តិវិញតែទារមិនបានដោយសារអ្នកយកលុយនោះទៅចូលព្រៃមិនឃើញត្រឡប់ មកវិញ។ ការណ៍ដែលទារលុយមិនបាននេះធ្វើឲ្យប្រពន្ធខឹងយ៉ាងខ្លាំងបានទាមទារលែងលះគ្នាដោយចោទប្រកាន់មកលើខ្លួនថា យកលុយនោះទៅចាយវាយឱបស្រី ក្មេង។ បន្ទាប់មកប្រពន្ធក៏បាននាំកូនមក រស់នៅស្រុកកំណើតវិញ។ ជាងមួយខែ កន្លងទៅនេះខ្លួនក៏ត្រឡប់មកផ្ទះនៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិនដើម្បី សុំរួមរស់ជាមួយប្រពន្ធតែត្រូវប្រពន្ធបណ្តេញចេញមិនឲ្យរស់នៅជាមួយដោយសុំលែងលះ តែមិនទាន់ដាច់ស្រេចក៏ឲ្យខ្លួនទៅរស់នៅក្រោមផ្ទះមិនឲ្យឡើងដេកលើផ្ទះជាមួយ ឡើយ ។
ក្នុងរយៈពេលជាង១ខែដែលខ្លួនមក រស់នៅក្រោមផ្ទះប្រពន្ធនេះ ខ្លួនបានដឹងថា ប្រពន្ធបានទាក់ទងជាមួយមិត្តភក្តិរបស់ខ្លួន ម្នាក់ដែលមានប្រពន្ធហើយមានផ្ទះនៅ ក្បែរគ្នា។ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ប្រពន្ធ របស់មិត្តភក្តិខ្លួនបានទូរស័ព្ទមកគំរាម ប្រពន្ធខ្លួនថា ឲ្យឈប់ទាក់ទងជាមួយប្តី របស់គេទៀតទៅ ។ ឮបែបនេះខ្លួន(ជន សង្ស័យ)ផ្ទុះកំហឹងយ៉ាងខ្លាំងក៏សម្រេចចិត្ត យកទឹកអាសុីតទៅគប់លើប្រពន្ធរបស់ខ្លួន ដើម្បីឲ្យខូចមុខមាត់ កុំឲ្យគេស្រឡាញ់ ៕ ហេង នរិន្ទ្រ