ភ្នំពេញ ៖ ព្រះមហាក្សត្របាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យព្រះរាជទានទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ។
នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា «ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបដិសេធក្នុងការចូលខ្លួនតាមអំណាច សាលដីកាព្រហ្មទណ្ឌ លេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ សាលាឧទ្ធរណ៍» ។
នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្របានឲ្យដឹង ថា «ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិ បាលកម្ពុជាសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ស្នើសូមព្រះករុណាថ្លៃវិសេសសូមទ្រង់ ព្រះមេត្តាប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យ ព្រះរាជទានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ដែលត្រូវបានផ្តន្ទាទោស តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរ លេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»។
ការស្នើសុំលើកលែងទោសរបស់សម្តេច តេជោ ហ៊ុន សែន ថ្វាយព្រះមហាក្សត្រនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា នៅ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បានផ្ញើលិខិតទៅ កាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីដោយស្នើសុំសម្តេចតេជោដោយក្តីយោគយល់បំផុតដើម្បីស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោសដល់ រូបលោក ។
គួរបញ្ជាក់ថា លោក កែវ មុនី ចៅក្រម ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាល ពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បាន ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀលក្រោមការចោទប្រកាន់ពីបទ«បដិ សេធក្នុងការចូលខ្លួន»តាមមាត្រា ៥៣៨នៃក្រមព្រហ្មទណ្ឌដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងករណីមេធាវីលោក កឹម សុខា បានបន្តទំនាស់ទៅ កាន់សាលាឧទ្ធរណ៍ ។
រហូតដល់នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៦សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បាន បើកសវនាការ និងសម្រេចតម្កល់សាល ក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបាន ការដដែល ពោលគឺផ្តន្ទាទោសលោក កឹម សុខា រយៈពេល៥ខែ និងពិន័យ៨០ម៉ឺន រៀលក្រោមការចោទប្រកាន់ពីបទបដិសេធ ក្នុងការចូលខ្លួនដែលតុលាការចាត់ទុកថាជា បទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ តុលាការ រកឃើញថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សីចូលបំភ្លឺ តុលាការពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែល មានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជា ជនរងគ្រោះ។
ក្រោយពីទទួលបានព្រះរាជទានពីព្រះមហាក្សត្រនៅពេលនេះលោក កឹម សុខា អាចមានសេរីភាពឡើងវិញហើយបន្ទាប់ពីលោកបានឃុំខ្លួនឯងនៅក្នុងទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិអស់ជាង ៦ខែកន្លងមកហើយតាំងពីខែឧសភា ឆ្នាំ ២០១៦មកម៉្លេះ៕ ហេង សូរិយា