ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់ថ្ងៃឱសានវាទហើយម្ចាស់សំណង់ដ៏ធំស្កឹមស្កៃនៅមាត់ទន្លេមេគង្គនៅតែបន្តសាងសង់ធ្វើមិនដឹងមិនឮ

ចែករំលែក៖

ភ្នំពេញ ៖ បើទោះជាអាជ្ញាធរដ្ឋបាល សាលារាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញាធរ ខណ្ឌជ្រោយចង្វាចេញសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ខុសច្បាប់ដ៏ធំនៅមាត់ ទន្លេមេគង្គឱ្យបញ្ឈប់ការសាងសង់ និងរុះ រើចេញហើយបានទុករយៈពេល១ខែនិង ជិតដល់ថ្ងៃឱសានវាទក៏ដោយក៏ម្ចាស់ សំណង់ដែលគេស្គាល់ថា ឈ្មោះ អ៊ុយ វុាំង សង់នៅតែបន្តការសាងសង់យា៉ងព្រងើយដដែលហាក់មិនខ្លាចញញើតនឹងច្បាប់ ឡើយ ។

គួររំលឹកថា អាជ្ញាធរខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បាន ចេញសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ដ៏ធំស្កឹមស្កៃមួយនៅក្បែរស្ថានីយបូមទឹក ទន្លេមេគង្គជ្រោយចង្វាឱ្យរុះរើចេញដែលសំណង់នោះសង់រំលោភតំបន់ទន្លេមេគង្គ ស្ថិតក្នុងផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយ ចង្វា ខណ្ឌជ្រោយចង្វា ។

សេចក្តីជូនដំណឹងរបស់សាលាខណ្ឌជ្រោយចង្វានេះមានរយៈពេលជិត១ខែមកហើយគឺឆ្លើយតបនឹងសេចក្តីជូនដំណឹងរ បស់សាលារាជធានីភ្នំពេញកន្លងមកដែល បញ្ជាឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វាជូន ដំណឹងឱ្យម្ចាស់សំណង់រុះរើសំណង់អត់ ច្បាប់ចេញដោយទុករយៈពេល១ខែតែមកដល់ពេលនេះជិត១ខែហើយស្ងាត់ដូចចោរលួចសេះ ។

ប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ម្ចាស់សំណង់ដ៏ធំមួយនេះឈ្មោះ អ៊ុយ វុាំង សង់មានខ្នងក្រាស់ណាស់បើអ្នកល្មមៗមិនអាចសាងសង់សំណង់ដ៏ធំមហិមាចូលដី ចំណីទន្លេបានទេ ហើយឮថាបន្ទាប់ពីអាជ្ញា ធរជូនដំណឹងឱ្យរុះរើចេញម្ចាស់សំណង់នេះមិនរុះរើតាមការជូនដំណឹងទេ បែរជា កំពុងរត់ការខ្វែងដៃខ្វែងជើងទៅថ្នាក់លើសុំកុំឱ្យរុះរើទៅវិញ ។ មិនតែប៉ុណ្ណោះលោក អ៊ុយ វុាំង សង់នៅតែបន្តការសាងសង់យា៉ង ព្រងើយដដែលហាក់មិនខ្លាចញញើតច្បាប់ឡើយ ព្រោះអាជ្ញាធរបានហាមឃាត់តាំងតែពីទើបនឹងសាងសង់រហូតដល់កម្ពស់ រាប់ជាន់ ។

គួរបញ្ជាក់ថា កាលពីពេលកន្លងមក គណៈកម្មការចម្រុះដែលដឹកនាំដោយលោក ហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វាបានចះុមកជូនដំណឹងដល់ទីតាំង និងធ្វើ កំណត់ហេតុតម្រូវឲ្យម្ចាស់សំណង់ដែលសង់លយចូលមាត់ទន្លេឱ្យបញ្ឈប់ការសាង សង់និងរុះរើចេញជាច្រើនដង តែម្ចាស់ សំណង់មិនបានអនុវត្តតាមនោះទេ ។

នៅក្នុងខ្លឹមសារសេចក្តីជូនដំណឹងបានសង្កត់ធ្ងន់ថា បើមិនដូច្នេះទេអាជ្ញាធរនឹងប្រើវិធានការរដ្ឋបាលរុះរើដោយកម្លាំងសមត្ថ កិច្ច ហើយមិនទទួលខុសត្រូវរាល់ការខូច ខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។ មក ដល់ពេលនេះម្ចាស់សំណង់នៅតែផ្គើនទៅនឹងអាជ្ញាធរ ហើយរត់រកខ្នងបង្អែកឲ្យជួយធ្វើអន្តរាគមន៍ទាំងខុសច្បាប់មិនព្រមអនុវត្ត តាមការជូនដំណឹងរបស់អាជ្ញាធរឡើយ ។

ប្រភពបន្តថា សំណង់ដ៏ធំនេះមិនមានខាងណាហ៊ានអនុញ្ញាតច្បាប់នោះទេ ព្រោះជាដីចំណីទន្លេជាប់នឹងច្រាំងទន្លេជាដីរដ្ឋដី ចំណីផ្លូវ និងធ្វើឱ្យប៉ះពាល់ដល់សោភណ ភាព សុវត្ថិភាព សណ្តាប់ និងសុខដុមនីយ កម្មអ្នកជិតខាងហើយក្បែរស្ថានីយបូមទឹកទៀតផង ។

មន្ត្រីសាលាខណ្ឌជ្រោយចង្វាម្នាក់បានឲ្យដឹងថា សំណង់ធំខ្ពស់យ៉ាងនេះទៅហើយ បើឱ្យរុះចេញក៏មិនងាយនឹងរុះដែរយកល្អ មានតែដាក់គ្រាប់បែកកម្ទេចទើបស្រួល មិនបាច់រុះរើ ។

ប្រជាពលរដ្ឋរង់ចាំមើលថា តើអាជ្ញាធរ ខណ្ឌជ្រោយចង្វា និងរដ្ឋបាលសាលារាជធានីភ្នំពេញជាមួយច្បាប់ខ្លាំង ឬមួយម្ចាស់ សំណង់ឈ្មោះ អ៊ុយ វុាំង សង់ខ្លាំងជាង?៕ ហេង សូរិយា

as-2 as


ចែករំលែក៖