ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានឃាត់ខ្លួនយុវជន៣នាក់ និងដកហូតបានដាវសាមូរ៉ៃ មួយដើម កាលពីវេលាម៉ោង ៣និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលេខ៦២R កែងផ្លូវ១០៥ ស្ថិតនៅក្នុងក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនទី១ឈ្មោះ ឯម វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅឃ្លាំងស៊ីម៉ង់ត៍ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ទី២ឈ្មោះ យាំង សុភ័ក្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងជនសង្ស័យទី៣ឈ្មោះ ដាន់ លីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅឃ្លាំងស៊ីម៉ង់ត៍ នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើនេះសមត្ថកិច្ចនៅបានដកហូតដាវសាមូរ៉ៃ មួយដើម និងម៉ូតូ ម៉ាកវ៉េវ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-4189មួយគ្រឿងផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី២ ខែធ្នូ កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ ជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែបានប្រទះឃើញជនសង្ស័យទាំង ៣នាក់កំពុងជិះម៉ូតូឌុបគ្នាឆ្លងកាត់ពីមុខហើយ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញដាវសាមូរ៉ៃ ១ដើម ប្រវែងជិតមួយម៉ែត្រទើប សមត្ថកិច្ចឃាត់ខ្លួននិងបាននាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីការសាកសួរ។
ក្រោយពីធ្វើការសាកសួររួចមក ពួកគេបានសារភាពថា ដាវនេះគឺក្រុមក្មេងស្ទាវដេញវាយគ្នា ហើយបានបោះចោលនៅកណ្តាលផ្លូវ ហើយដោយឃើញដូចនោះ ពួកគេទាំង៣នាក់បានឈប់ម៉ូតូចុះរើសដាក់លើម៉ូតូហើយបានជិះម៉ូតូចេញមកដល់ចំណុចខាងលើ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចហៅឲ្យឈប់ និងឆែកឆេររកឃើញដាវសាមូរ៉ៃក៏ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់នេះរួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ពេលក្រោយ ៕ ប្រាថ្នា