ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនបុរសម្នាក់មកតុលាការ ករណីបង្កគ្រោះថ្នាក់ចរាចរស្លាប់ប្រពន្ធនិងប្តីរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ:នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ នេះ បានបញ្ជូនបុរសម្នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីបើករថយន្តបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យប្រពន្ធស្លាប់និងប្តីរបួសធ្ងន់ ។ ស្របពេលជាមួយគ្នានេះ មន្ត្រីប៉ូលិសប្រចាំការនៅតុលាការ នៅតែមិនអនុញ្ញាតឲ្យមានការផ្តិតរូបភាព ដោយអះអាងថាជាបញ្ជារបស់ថ្នាក់លើ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាថ្ងៃត្រង់ ទី២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុច ជាប់នឹងរង្វង់មូលដីក្រហម (ផ្លូវជាតិលេខ២ កែងនឹងផ្លូវ២១៧) ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ជាប្ដីមាន ឈ្មោះ ឌីម ឆេន អាយុ៥៨ឆ្នាំ និងប្រពន្ធមានឈ្មោះ ព្រឺង រ៉ែន អាយុ៥៧ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យ) ។ អ្នកទាំងពីរ មានមុខរបរជាកសិករ រស់នៅភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR-0232។

ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ យី សែ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បើកបររថយន្ត ម៉ាក ហ៊ីយ៉ាន់ដា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-5576។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះប្ដីប្រពន្ធពីរនាក់ បានជិះម៉ូតូឌុបគ្នាចេញពីក្រុងតាខ្មៅ តាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ(រង្វង់មូលដីក្រហម) ពួកគាត់ក៏បម្រុងបត់ឆ្វេងទៅត្បូង(ផ្លូវជាតិលេខ២) តែមិនទាន់និងបត់ផង ក៏ស្រាប់តែរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ បើកមកពីក្រោយ ហើយបម្រុងបត់ស្ដាំទៅជើង(ផ្លូវ២១៧) មិនបានប្រយ័ត្នក៏ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ជើងទាំងពីរនាក់ របួសធ្ងន់។ ចំណែកឯម៉ូតូកៀបជាប់នៅក្រោមរថយន្ត ធ្វើឲ្យរថយន្តមិនអាចបន្តទៅមុខទៀតបាន

ក្រោយពីកើតហេតុភ្លាមៗជនបង្កហេតុបានបើកទ្វារបម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រចាំគោលដៅនៅទីនោះចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ ៕ ចេស្តា

2 1


ចែករំលែក៖