ភ្នំពេញ:លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ នេះ ប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ សាលក្រមដែលប្រកាសគ្មានសំអាងហេតុនេះ ធ្វើឡើងចំពោះមុខលោក ស៊ាង ចែត និងមេធាវីការពារក្ដី ។
ស្របពេលជាមួយគ្នានេះ មន្ត្រីប៉ូលិសប្រចាំការនៅតុលាការ នៅតែមិនអនុញ្ញាតឲ្យមានការផ្តិតរូបភាពខាងក្រោមអគារតុលាការដដែល ដោយអះអាងថាជាបញ្ជារបស់ថ្នាក់លើ ។
លោក ស៊ាង ចែត បានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ពាក់ព័ន្ធរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ សវនាការនេះ នឹងប្រកាសដោយ លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
ក្នុងលិខិតចំហរនោះ ស្រីមុំ បានចោទលោក ស៊ាង ចែត ថាបានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា ដែលសមត្ថកិច្ចសង្ស័យថា ជារឿងសញ្ចារកម្ម៕ ចេស្តា