ភ្នំពេញះ សមត្ថកិច្ចនគរបាល ប៉ុស្ត៍ភ្នំពេញថ្មី បានឃាត់ខ្លួនបុរសម្នាក់តាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះជាអនីតិជនកូនភ្លោះ២នាក់ ចោទពីបទ ប្រទូសកេរ្ត៍ខ្មាស ប្រព្រឹត្ត កាលពីល្ងាចថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសដែលរងការ ចោទប្រកាន់ខាងលើនោះឈ្មោះ ហួង សុផល ភេទប្រុស អាយុ៤៧ឆ្នាំ គ្មានមុខរបរ មានទីលំនៅ អមតាមផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកក្មេងស្រីរងគ្រោះជាបងប្អូនកូនភ្លោះ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនជាប់ចោទ ឈ្មោះ ហួង សុផល ដែលជាអ្នកភូមិនៅផ្ទះក្បែរគ្នាជាមួយក្មេងស្រីរងគ្រោះ បាន ប្រើពួកនាងអោយទៅទិញថ្មពិល ដោយអោយលុយក្រដាស់៥០០០រៀលពេលមកវិញ ប្រគល់លុយសល់៣០០០រៀល អោយទៅឈ្មោះ ហួង សុផល វិញ ។
នៅពេលល្ងាចថ្ងៃដដែលនោះ ជនរងគ្រោះបានប្រាប់ម្តាយរបស់នាងថា ឈ្មោះ ហួង សុផល ក្រោយពីប្រើអោយទិញថ្មពិល រួចបានមកចាប់នាងស្ទាបប្រដាប់ភេទ ហើយថា នាងមានការភ័យខ្លាចចំពោះរឿងនេះណាស់ ។ក្នុងពេលនោះដែរនាងប្អូនម្នាក់ទៀត ក៏បានប្រាប់ម្តាយនាងដែរថា ថ្ងៃមុន ពូហ្នឹង ក៏បានចាប់ស្ទាបប្រដាប់ភេទរបស់នាងដែរ ខណះម្តាយនាងទៅធ្វើការបាត់អស់។
ក្រោយពីបានស្តាប់ការរៀបរាប់របស់កូនៗរួច ម្តាយនាងមានការខឹងសម្បារ ក៏បានមកប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន អោយជួយអន្តរាគមន៍រកយុត្តិធម៌ ហើយក្រោយ ពីទទួលពាក្យបណ្តឹងរួច ប៉ូលិស មូលដ្ឋានក៏បានទៅឃាត់ខ្លួនបុរសឈ្មោះ ហួង សុផល មកសាកសួរ និងបានបញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត ដើម្បី ចាត់ចែងបញ្ជូនទៅតុលាការ៕ តុង សីហា