ភ្នំពេញ៖ ស្ត្រីមានកូន២នាក់នៅក្នុងបន្ទុកត្រូវបានបុរសជាប្ដីនាំខ្លួនជាមួយសហាយទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពខណ្ឌ៧មករា ឲ្យជួយដោះស្រាយតាមច្បាប់ បន្ទាប់ពីបុរសជាប្ដីរូបនេះបានតាមទាន់ប្រពន្ធ និងសហាយកំពុងដេករួមរ័កក្នុងផ្ទះជាមួយគ្នា គ្រាដែលខ្លួនបានទៅចូលរួមមង្គលការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពព័ត៌មានពីបុរសជាប្ដីឈ្មោះចាន់ ផល្លី អាយុ៣៧ឆ្នាំ មុខរបរជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១E0 ផ្លូវឌឿងហែម(១២៨) សង្កាត់មិត្តភាព ខណ្ឌ៧មករា បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ រូបគាត់បានប្រាប់ប្រពន្ធឈ្មោះ ជា សុខុម អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយគ្នា ថា ទៅហូបការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយធ្វើដំណើរទៅជាមួយមិត្តភក្តិជាច្រើន។ ក្រោយពេលហូបការរួចគាត់មានភាពស្រវឹងខ្លាំងក៏ទូរស័ព្ធប្រាប់ប្រពន្ធថា យប់នេះបងមិនបានទៅផ្ទះទេ។ ប៉ុន្តែរហូតដល់១២យប់ថ្ងៃដដែល ដោយសារមានមិត្តភក្ដិជាច្រើនទៅចូលរួមមង្គលការនេះបាននាំគ្នាវិលត្រឡប់មកភ្នំពេញវិញ ហើយបានបបួលគាត់ឲ្យជិះម៉ូតូជាមួយ ទើបគាត់មកផ្ទះជាមួយពួកគេហើយពេលមកដល់សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មិត្តទាំងអស់មិនទាន់ចូលផ្ទះនៅឡើយទេក៏នាំគ្នាចូលហាងផឹកស៊ីម្តងទៀតរហូតដល់ម៉ោង២យប់ទើបបែកផ្លូវគ្នា។
បុរសជាប្ដីបានឲ្យដឹងទៀតថា គ្រាដែលរូបគាត់បានមកដល់ផ្ទះគោះទ្វារឲ្យប្រពន្ធបើក គាត់មានការ ចម្លែកក្នុងចិត្តមានរយៈពេលជិត២០នាទីទើបប្រពន្ធបើកទ្វារឲ្យចូលហើយពេលនោះគាត់សម្លឹងឃើញប្រពន្ធមានទឹកមុខស្លេកស្លាំង ជាហេតុធ្វើឲ្យរូបគាត់មានការសង្ស័យក៏បើកភ្លើងបំភ្លឺពេញផ្ទះ។ មិនបានប៉ុន្មានផង ស្រាប់តែគាត់ឃើញបុរសជាសហាយឈ្មោះ គង់ គន្ធា អាយុ២៩ឆ្នាំ ជាបុគ្គលិកស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ មានទីលំនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមនកំពុងស្លៀកកន្សែងពោះគោរបស់គាត់អត់ពាក់អាវពួនសម្ងំក្រោមគ្រែ ក្បែរទូ ទើបគាត់ឆោឡោផ្អើលដល់អ្នកជិតខាងចេញមកជួយចាប់សហាយរូបនេះ និងបានប្ដឹងទៅនគរបាលប៉ុស្តិ៍មិត្តភាពឲ្យមកយកជនសង្ស័យរូបនេះទៅដោះស្រាយនៅប៉ុស្តិ៍ជាបន្ទាន់។
បុរសជាប្ដីបានរៀបរាប់ទាំងហួសចិត្តថា រវាងរូបគាត់និងប្រពន្ធបានរៀបការពេញច្បាប់រយៈពេលជាង១០ឆ្នាំមកហើយ ដែលមកដល់ពេលនេះបានចំណងដៃកូនប្រុសស្រី២នាក់ទៀតផង ហើយមិនគួរណាប្រពន្ធហ៊ានផិតក្បត់នាំសហាយមកដេកដល់ក្នុងផ្ទះដូច្នេះឡើយ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះរាល់សកម្មភាពផិតក្បត់នេះទំនងមិនមែនកើតឡើងតែម្តងនេះទេ គឺច្រើនលើកណាស់មកហើយ ខណៈដែលគាត់ចេញទៅធ្វើការបាត់ ។ ក្នុងករណីផិតក្បត់នេះ រូបគាត់សំណូមពរដល់សមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ចុះ និងសុំលេងលះជាមួយប្រពន្ធផិតក្បត់នេះចាប់ពីថ្ងៃនេះតទៅ។
ទោះយ៉ាងណាស្ត្រីឈ្មោះជា សុខុម ដែលមានគំនិតផិតក្បត់ប្ដីបាននិយាយនៅចំពោះមុខសមត្ថកិច្ចឲ្យដឹងថា បើបានជាបែកធ្លាយរឿងអាស្រូវយ៉ាងនេះហើយ លោកប្ដីចង់ធ្វើដូចម្តេចក៏ធ្វើទៅ? ចំណែកបុរសសហាយឈ្មោះគង់ គន្ធា មិននិយាយស្ដីអ្វីទាំងអស់បានត្រឹមគ្រវីក្បាលប៉ុណ្ណោះ៕ ស រស្មី
ស្ត្រីជាប្រពន្ធដែលមានសហាយ ត្រូវហៅមកសួរនាំនៅប៉ុស្តិ៍នគរបាល
បុរសសង្ស័យជាសហាយស្មន់ប្រពន្ធគេ ឈ្មោះ គង់ គន្ធា
(រូបអាវខ្មៅ) បុរសជាប្តី ចាន់ ផល្លី ដែលហួសចិត្តចំពោះទង្វើរបស់ប្រពន្ធលួចមានសហាយ
ប្រុសជាប្តី(អាវខ្មៅ) ខណៈមកប៉ុស្តិ៍នគរបាលស្វែងរកការជួយអន្តរាគមន៍