ខេត្តកណ្តាល៖ ដោយសារតែខឹងទៅនឹងអ្នកជួញដូរថ្នាំញៀនជាមួយស៊ីដាច់លុយចំណេញ និងចាប់ប្រពន្ធខ្លួនរំលោភសេពសន្ថវៈ បានធ្វើឲ្យមុខសញ្ញាជួញដូរនិងជាអ្នកញៀនថ្នាំបបួលបក្ខពួក២នាក់ទៀតតាមទៅកាប់គូរទំនាស់ដល់កន្លែងស្នាក់នៅ កាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្ទះរបស់ឈ្មោះ ហ៊ីវ សិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជើងកើបចាប់ខ្លួនបាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរចាត់ការតាមច្បាប់ ។ ក្រោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងប្រគល់ទៅឲ្យ ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីពិនិត្យកោសល្យវិច្ច័យរួច ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជើងកើបបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ឈឿន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកឯបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះក្នុងអំពើឃាតកម្មកាប់សម្លាប់នេះឈ្មោះ សល់ ថាត់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅជួលផ្ទះរបស់ ឈ្មោះ ហ៊ីវ សិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ដើម្បីស្នាក់នៅធ្វើការងារនៅទីនោះ ។ លុះមកដល់ថ្ងៃកើតហេតុសាក្សីបានឃើញជនដៃដល់ឈ្មោះ ឈឿន ភក្តី និងបក្ខពួក២នាក់ទៀតដើរឡើងទៅលើផ្ទះជនរងគ្រោះស្នាក់នៅ ។ មួយសន្ទុះក៏ចុះមកវិញ តែមិនឃើញជនរងគ្រោះចុះមកតាមនោះទេ រហូតដល់វេលាថ្ងៃត្រង់ម្ចាស់ផ្ទះជួលដើរទៅមើលឃើញមានឈាមធ្លាក់ពីលើផ្ទះមកដី ក៏ឡើងទៅមើលលើផ្ទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ។ ភ្លាមៗនោះបុរសជាម្ចាស់ផ្ទះបានប្រាប់អ្នកជិតខាង ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់បានសារភាពថា ខ្លួននិងបក្ខពួក២នាក់ទៀតពិតជាបានយកកាំបិតកាប់ និងចាក់សម្លាប់ជនរងគ្រោះប្រាកដមែន ។ ជនដៃដល់បញ្ជាក់ថា មូលហេតុដែលនាំឲ្យខ្លួនបបួលបក្ខពួកមកស្លាប់ជនរងគ្រោះដោយសារតែខ្លួនខឹងទៅនឹងជនរងគ្រោះ កន្លងមកធ្លាប់បានចាប់ស្ត្រីជាប្រពន្ធរបស់ខ្លួនរំលោភសេពសន្ថវៈ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកជនដៃដល់២នាក់បន្ថែមទៀតចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ