ភ្នំពេញ៖ ក្រុមកីឡាករកីឡាការិនីចំបាប់មកពីសាធារណរដ្ឋកូរ៉េបានមកដល់ព្រះ រាជាណាចក្រកម្ពុជាហើយក្នុងគោលបំណងហ្វឹកហាត់រួមគ្នាជាមួយកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជារយៈពេល១៥ថៃ្ងដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេសគ្នាទៅ វិញទៅមក នេះបើតាមប្រសាសន៍លើក ឡើងរបស់លោក វ៉ាត់ ចំរើន ប្រធានសហ ព័ន្ធកីឡាចំបាប់កម្ពុជាក្នុងឱកាសដែលប្រតិភូចំបាប់កូរ៉េចូលជួបសម្តែងការគួរសមនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។
ក្នុងជំនួបពិភាក្សានិងសំណេះសំណាល ជាមួយប្រតិភូកីឡាករកីឡាការិនីចំបាប់ កូរ៉េខាងលើនេះ លោក វ៉ាត់ ចំរើន បាន សម្តែងការស្វាគមន៍ចំពោះវត្តមានប្រតិភូ កីឡាករកីឡាការិនីកូរ៉េគ្រូបង្វឹកដឹកនាំដោយលោក Le Jongho លោក Kim Sagim ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុង ន័យរឹតចំណងមិត្តភាពរវាងសហព័ន្ធកីឡាចំបាប់កម្ពុជានឹងសហព័ន្ធកីឡាចំបាប់កូរ៉េ ដោយបានបញ្ជូនក្រុមកីឡាករកីឡាការិនីជម្រើសជាតិរបស់ខ្លួនមកធ្វើការហ្វឹកហាត់រួមគ្នាក្នុងន័យបង្កើននិងពង្រឹងបច្ចេកទេស។ លោកប្រធានសហព័ន្ធស្នើសុំឲ្យភាគីកូរ៉េ ជួយដល់កីឡាចំបាប់កម្ពុជាបន្ថែមទៀត ពីព្រោះវិស័យកីឡាចំបាប់របស់កម្ពុជានៅ មានកម្រិតទាបនៅឡើយ ។ ការមកដល់ របស់ក្រុមកីឡាករកីឡាការិនីកូរ៉េនាពេលនេះថ្នាក់ដឹកនាំកីឡាចំបាប់កម្ពុជាបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-កូរ៉េ ក្នុងគោលដៅដែលប្រទេសកម្ពុជាកំពុងសម្រួចធនធានមនុស្សលើគ្រប់វិស័យសម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ៕ សារីម