ខេត្ដសៀមរាប៖ ប្រជាសហគមន៍និងសមាជិកសមាគម ប្រមាណ៥រយនាក់ នៅព្រឹកថ្ងៃអង្គារទី៦ ខែធ្នូ បានប្រមូលផ្ដុំគ្នានៅតំបន់អង្គរឃ្យុងយូខេត្ដសៀមរាប ដើម្បីទាមទារឲ្យអាជ្ញាធរផ្ដល់យុត្ដិធម៌ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី បញ្ហាផ្នែកសេវាទេសចរណ៍ និងការរំលោភសិទ្ធិមនុស្ស ។
ពួកគេទាំងនោះមកពីសហគមន៍ចំនួន១៣និងសមាគមផ្នែកសេវាទេសចរណ៍ រួមមានសហគន៍ស្គន់ សហគមន៍តាពែន សហគមន៍ត្បែងលិច សហគមន៍ត្បែងកើត សហគមន៍ដូចឪ សហគមន៍ជីក្រែង ជាដើម។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA លើកឡើងនៅកន្លែងប្រមូលផ្ដុំគោរពទិវាសិទ្ធិមនុស្ស១០ធ្នូលើកទី៦៨ ក្រោមប្រធានបទដើម្បីយុត្ដិធម៌២០១៦ នៅថ្ងៃទី៦ខែធ្នូនេះថា ក្រុមអ្នកដឹកជញ្ជូញភ្ញៀវទេសចរណ៍តាមរ៉ឺម៉ក ពួកគាត់ប្រឈមនឹងការបាត់បង់មុខរបរដោយសារអាជ្ញាធរបង្កើតឲ្យមានក្រុមហ៊ុនបរទេស ជួលម៉ូតូ និងរថយន្ដអគ្គីសនីដឹកភ្ញៀវទេសចរណ៍ នៅក្នុងតំបន់អង្គរ ដែលលោកថា ធ្វើឲ្យពួកគាត់ដែលជាម្ចាស់ប្រទេសជាតិបាត់បង់ប្រាក់ចំណូលនិងប៉ះពាល់ជីវភាពប្រចាំថ្ងៃពួកគាត់ផងដែរ។លោកបន្ដថា ការអនុវត្ដបែបនេះ ប្រាក់ចំណូលបានទៅលើតែក្រុមហ៊ុន និងសណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ធំៗប៉ុណ្ណោះ។លោកបន្ដថា៖យើងជាអ្នករត់ម៉ូតូទេសចរណ៍ម្ចាស់ទឹកម្ចាស់ដីយើងជាម្ចាស់ប្រទេសដូចរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋជាម្ចាស់វាសនាប្រទេសជាតិ ភោគផលនៃប្រាសាទអង្គរត្រូវបានបាត់បង់ធ្លាក់ទៅលើឈ្មួញធំៗឈ្មួញកូរ៉េនេះឬយុត្ដិធម៌ដូចច្នេះដើម្បីយុត្ដិធម៌ត្រូវបញ្ឍប់ជាបន្ទាន់នូវការជួលម៉ូតូនៅតាមផ្ទះសំណាកតាមសណ្ឋាគារមួយចំនួន។
ដោយឡែកប្រជាសហគមន៍ ដែលមានជម្លោះដីធ្លីចំនួន១៣ទៀត ពួកគេបានសម្ដែងក្ដីទុក្ខកង្វល់ស្រដៀងគ្នាថា ពួកគាត់មានជម្លោះដីធ្លីរាំរ៉ៃជាច្រើនឆ្នាំមកហើយ ប៉ុន្ដែគ្មានដំណោះស្រាយពីអាជ្ញាធរ ហើយខ្លះទៀតមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅឡើយទេ បើទោះបីពួកគេស្វែងរកអន្ដរាគមន៍ពីប្រមុខរដ្ឋាភិបាលក៍ដោយ ដោយថា អាជ្ញាធរគ្រាន់តែសន្យាចោលប៉ុណ្ណោះ ។ពួកគាត់បន្ដថា ការយឺតយ៉ាវនៃការដោះស្រាយនេះ ធ្វើឲ្យពួកគាត់ជួបការលំបាក និងរងការគម្រាមកំហែងពីសមត្ថកិច្ច និងប្រើហឹង្សាមកលើពួកគេផងដែរ។ពួកគាត់ជុំរុញឲ្យអាជ្ញាធរផ្ដល់ភាពយុត្ដិនិងពន្លឿនការដោះស្រាយ ជម្លោះដីធ្លីនិងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យបានឆាប់និងមានប្រសិទ្ធិភាព។ពួកគាត់បន្ដ៖សូមជម្រាបជួនសម្ដេចនាយកថាពួកអប្សរានៅស្រុកអង្គរធំ និយាយរួមអប្សរាទូទៅអត់ឲ្យប្រជាពលរដ្ឋរស់នៅលើដីខ្លួនឯងបានសោយសុខ ។ បីឆ្នាំគត់គ្មានបានធ្វើអ្វីសោះកាប់បំផ្លាញដុតបំផ្លាញដុតផ្ទះកាប់ដំណាំដែលពលរដ្ឋខំដាំបានចាប់ពលរដ្ឋមកដាក់គុក១២នាក់ហើយវ៉ៃរបួសបែកក្បាលបាញ់ពិការរហូតមកដល់សព្វថ្ងៃអត់មានដំណោះស្រាយទេដោះឲ្យបានមុនបោះឆ្នោតចា៎ កុំចង់បានតែសំឡេងឆ្នោតពេកជួយអាសូកូនចៅផង។
ករណីនេះ លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យខេត្ដសៀមរាប មានប្រសាសន៍ថា អាជ្ញាធរបានដោះស្រាយជូនពួកគាត់ជាបន្ដបន្ទាប់ និងបន្ដដោះស្រាយបន្ថែមទៀត ប៉ុន្ដែលោកថា ពលរដ្ឋមួយចំនួនបានកាប់ព្រៃរានយកដីបន្ថែម ។លោកបន្ដថា ដោយឡែកការបាត់បង់សេវាកម្មដឹកជញ្ជូនភ្ញៀវតាមរ៉ឺម៉កកង់បីនោះដែលលោកថា វារស្រ័យទៅសេវាកម្មអ្នកដឹកជញ្ជូន ហើយលោកជុំរុញឲ្យសមាគមដឹកតាមម៉ូតូកង់បី ពង្រឹងដល់អ្នកបើកបរឲ្យមានសណ្ដាប់ធ្នាប់និងបំរើសេវាកម្មឲ្យបានល្អ។លោកបន្ដថា៖គ្រាប់តែរបៀបច្រង៉ាងច្រង៉ាងដូចសព្វថ្ងៃនេះល្មមគេអត់ត្រូវការគាត់ដែរហ្នឹងតែគេអត់ត្រូវការហ្នឹងចប់ហើយសេវាក្រុមហ៊ុនល្អជាងណា។តាមបទបញ្ជា០១ធ្វើបានមួយចំនួនហើយទៅកាត់រានព្រៃយកមួយចំនួនទៀតឥឡូវគេទៅដោះគេទៅពិនិត្យមើលនិតិវិធីច្បាប់យើងដែលត្រូវឲ្យគាត់របៀបម៉េច។
ទោះជាយ៉ាងណា លោក ចៅ ល័ក្ខវណ្ណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីការដូខេត្ដសៀមរាប មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លីរហូតដល់ការបណ្ដេញចេញ និងការរំលោភសិទ្ធិមនុស្សមានសកម្មភាពខ្លាំងខ្លានៅឆ្នាំ២០១៤និង២០១៥។ប៉ុន្ដែលោកថា នៅឆ្នាំ២០១៦នេះមានការថយចុះ។លោកបន្ដថា រហូតមកដល់ពេលនេះ អាជ្ញាធរមានដំណោះស្រាយដល់ពលរដ្ឋបានប្រមាណ៤០% ខណៈតំបន់ជម្លោះខ្លះនៅឆ្ងាយពីអាជ្ញាធរ។លោកស្នើឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនចេញប័ណ្ណកម្មសិទ្ធិនិងដោះស្រាយជម្លោះដីធ្លីនេះឲ្យបានឆាប់៕ ជានិរន្ដរ៍