ភ្នំពេញ៖ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយលោកស្រី Li bin រដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការនៃ សាធារណរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ។
លោកស្រី Li bin បានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីអំពីដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងលើរាល់គម្រោង និងកិច្ចព្រមព្រៀងទាំងឡាយណាដែលថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ បានព្រមព្រៀងគ្នារួចមកហើយ ជាពិសេសលើវិស័យសុខាភិបាល។ លោកស្រីបានជំរាបជូនសម្តេចថាភាគីចិន បានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយនឹងជួយបណ្តុះបណ្តាលគ្រូពេទ្យ និងជួយដល់កម្ពុជា ជាពិសេសលើជម្ងឺភ្នែក ជម្ងឺមាត់ធ្មេញ និងបន្តជួយកម្ពុជាលើការសាងសង់មន្ទីរពេទ្យនៅទីរួមខេត្តត្បូងឃ្មុំ។
លោកស្រី ក៏បានជំរាបជូនសម្តេចតេជោដែរថា កាលពីថ្ងៃទី៥ធ្នូ ម្សិលមិញនេះ លោកស្រីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ ជាមួយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ។ នៅក្នុងដំណើរទស្សនកិច្ចជាលើកទី១របស់លោកស្រីពេលនេះ ក្រៅពីការបំពេញបេសកកម្មខាងលើ លោកស្រីក៏បានសង្កេតឃើញកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងបានសង្កេតឃើញថា ប្រជាជនកម្ពុជាកំពុងរស់នៅប្រកបដោយសុភមង្គល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោកស្រី ដែលបានរាយការណ៍ អំពីសកម្មភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងអនុវត្តជាក់ស្តែងលើគម្រោងដែលបានព្រមព្រៀងគ្នា រវាងថ្នាក់ដឹកនាំកំពូលរួចមកហើយនេះ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការជួយដល់កម្ពុជាលើវិស័យសុខាភិបាលនេះគឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យដល់ប្រជាជនកម្ពុជាហើយសម្តេចបានមានប្រសាសន៍ស្នើសុំឱ្យភាគីចិនក្រៅពីអ្វីដែលបានចុះកិច្ចព្រមព្រៀងនេះ សម្តេចបានស្នើឱ្យលោកស្រីជួយពិចារណាធ្វើយ៉ាងណាសហការជាមួយកម្ពុជាជំរុញ ដោះស្រាយលុបបំបាត់ជម្ងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុនឆ្នាំ២០២៥ខាងមុខ៕