ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនជាតិវៀតណាម៩នាក់ដែលចូលមកធ្វើការខុសច្បាប់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ:ជនបរទេសអន្តោប្រវេសន៍ចំនួន៩នាក់សុទ្ធតែជនជាតិវៀតណាមត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចសិប្បកម្មធ្វើគ្រឿងសង្ហារឹមមួយកន្លែង ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ទីតាំងសិប្បកម្មធ្វើគ្រឿងសង្ហារឹមនេះកន្លែងកម្លាំងរបស់លោកចុះចាប់ជនបរទេសអន្តោប្រវេសន៍ភាគច្រើនជាជនជាតិវៀតណាមចូលមកធ្វើការងារជាកម្មករខុសច្បាប់បានជាច្រើននាក់ម្តងរួចមកហើយ និងបានបំពេញបែបបទបណ្តេញចេញទៅប្រទេសដើមវិញ ។ ចំណែកម្ចាស់ទីតាំងក៍អោយធ្វើកិច្ចសន្យារួចដែរ ដោយឈប់ទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់មកធ្វើការងារនៅក្នុងសិប្បកម្មតទៅទៀត ។ ទោះជាមានកិច្ចសន្យារួចហើយក៍ដោយ ម្ចាស់ទីតាំងមិនអនុវត្តតាមនោះឡើយ ពោលគឺរំលោភលើកិច្ចសន្យាលួចប្រើប្រាស់កម្លាំងកម្មករជាជនបរទេសអន្តប្រវេសន៍ខុសច្បាប់ ហើយត្រូវកម្លាំងសមត្ថកិច្ចចុះចាប់ជាលើកទី២ ។

លោកឧត្តមសេនីយ៍ទោបានបន្តថា ប្រតិបត្តិការលើកទី២នៅទីតាំងដដែលនេះជាលទ្ធផលរកឃើញជនជាតិវៀតណាមចូលមកធ្វើការជាកម្មករខុសច្បាប់ចំនួន៩នាក់ ស្រី៥នាក់ គ្មានឯកសារគ្រប់គ្រាន់ស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាឡើយ ។ ជនបរទេសអន្តោប្រវេសន៍ទាំង៩នាក់បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបំពេញបែបបទស្នើសុំការសម្រេចពីសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនចេញទៅប្រទេសដើមវិញ ។ ដោយឡែកម្ចាស់ទីតាំងសិប្បកម្មធ្វើគ្រឿងសង្ហារឹមដែលបំពានកិច្ចសន្យា ត្រូវចាត់ការតាមនីតិវិធីឃាត់ខ្លួនបណ្តោះអាសន្ននិងធ្វើការផាកពិន័យតាមច្បាប់អន្តោប្រវេសន៍ ៕ សណ្តោស

untitled-1

1


ចែករំលែក៖