ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទប្រកាន់មន្ត្រីកាំកុងត្រូលនគរ បាលព្រំដែន និងកម្លាំងទាហានឈរចាំយកលុយ ពីប្រជាពលរដ្ឋចេញចូលក្នុងផ្សារព្រំដែនតាមច្រកជប់គគីរ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋដែលរកស៊ីដឹកទំនិញអូសតាមរទេះឆ្លងកាត់ពី ផ្សារកម្ពុជាទៅផ្សារថៃ និងពីផ្សារថៃ ត្រឡប់ មកកម្ពុជា បានចោទទៅមន្រ្តីកាំកុងត្រូល អង្គុយចាំតែយកលុយពីប្រជាពលរដ្ឋខ្មែរ នៅច្រកទ្វារព្រំដែនជប់គគីរ ។

តាមការលើកឡើងពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបាននិយាយថា មន្រ្តីកាំកុងត្រូលដែលឈរប្រចាំការនៅមាត់ច្រកព្រំដែនជប់គគីរ ពីប្រជាពលរដ្ឋខ្មែរ ដែលចូល ទៅទិញអីវ៉ាន់ពីផ្សារថៃហើយអូសតាមរទេះ មកកម្ពុជា គឺត្រូវបង់លុយឱ្យសមត្ថកិច្ចតាម មាត់ច្រកជប់គគីរ ហើយជាពិសេស គឺមន្រ្តីកាំកុងត្រូលដែលស្លៀកពាក់ជាឯកសណ្ឋានស៊ីវិល បានយកលុយច្រើនជាងគេ ។

ប្រជាពលរដ្ឋបានបន្តថា ឱ្យតែប្រជា ពលរដ្ឋដឹកទំនិញតាមរទេះចេញពីផ្សារថៃ គឺមន្រ្តីកាំកុងត្រូលដឹងតែពីយកលុយ ដោយ មិនកំណត់ប្រភេទទំនិញនោះទេ ហើយសូម្បីតែប្រជាពលរដ្ឋអូសទំនិញមិនពេញរទេះក៏ដោយឱ្យតែឆ្លងកាត់ ត្រូវតែបង់លុយ ដោយ ពុំមានចន្លោះឡើយ ។ តែបើសិនជាពួកគាត់ ជាប្រជាពលរដ្ឋមិនឱ្យលុយមន្រ្តីកាំកុង ត្រូលក៏មិនឱ្យចេញដែរ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ អូសរទេះដឹកអីវ៉ាន់ចេញពីផ្សារថៃឆ្លង កាត់តាមច្រកជប់គគីរ ដោយគ្រាន់តែបង់លុយទៅឱ្យមន្រ្តីកាំកុងត្រូល ដែលឈរនៅក្បែរមាត់ទ្វារច្រកគឺមិនមានចេញវិក្កយ បត្រ ឬមានការត្រួតពិនិត្យអ្វីទាំងអស់ ។

ដោយឡែកលោក យ៉ាន់ ច័ន្ទផល ប្រធាន ការិយាល័យកាំកុងត្រូលប្រចាំច្រកជប់គគីរ កាសែតនគរវត្តសុំការបំភ្លឺជុំវិញបញ្ហានេះលោកមិនបានបំភ្លឺនោះទេ ដោយប្រាប់ថា លោកកំពុងតែជាប់រវល់ ។

ចំណែកឯលោក យឿន វិបុល ប្រធាន គណៈកម្មការច្រកជប់គគីរ បានបំភ្លឺប្រាប់ តាមទូរស័ព្ទថា កន្លងមកលោកតែងតែលើក ឡើងក្នុងអង្គប្រជុំ ក្នុងការទប់ស្កាត់នៃភាព រញ៉េរញ៉ៃដែលពាក់ព័ន្ធនឹងការយកលុយពីប្រជាពលរដ្ឋដែលចូលទៅអូសទំនិញតាមរទេះពីផ្សារថៃហើយចំពោះការយកលុយពីប្រជាពលរដ្ឋដឹកអីវ៉ាន់គឺមានតែជំនាញកាំកុងត្រូលប៉ុណ្ណោះដែលអាចមានសិទ្ធិយកលុយពីប្រជាពលរដ្ឋ ។ តែចំពោះការយកលុយ ក៏ត្រូវតែ មានចេញវិក្កយបត្រ ឬបង្កាន់ដៃត្រួតពិនិត្យអីវ៉ាន់ផងដែរ ។ លោកបាន ប្រាប់ទៀតថាលោកនឹងលើកបញ្ហានេះ ក្នុងអង្គប្រជុំនៅពេលក្រោយទៀតពាក់ព័ន្ធនឹងការយកលុយពីប្រជាពលរដ្ឋអូសទំនិញ តាមរទេះនេះ ៕ ប៉ែន នួន

1 3 2


ចែករំលែក៖