ខេត្តកណ្តាលៈ ភ្លើងអាគុយ3Kតភ្ជាប់ជាមួយឧបករណ៍ឆក់កណ្តុរ បានឆក់ម្ចាស់ចម្ការស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចចម្ការសណ្តែកជនរងគ្រោះនៅចុងព្រែកលោក ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ។
ជនរងគ្រោះជាម្ចាស់ចម្ការនោះឈ្មោះ ខុន សុខេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ សពជនរងគ្រោះត្រូវបានបុរសជាឪពុកដើរមកដីចម្ការប្រទះឃើញដេកស្លាប់នៅលើខ្សែលួស ដែលតភ្ជាប់ជាមួយឧបករណ៍ឆក់ការពារកណ្តុរចូលស៊ីផលដំណាំ ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា នៅមុនពេលកើតហេតុ៣ថ្ងៃ ជនរងគ្រោះតែងតែយកឧបករណ៍ឆក់កណ្តុរប្រើប្រាស់ភ្លើងអាគុយ3K តភ្ជាប់ជាមួយខ្សែលួសហ៊ុំព័ទ្ធចម្ការ ដើម្បីឆក់ការពារសត្វកណ្តុរចូលស៊ីផលដំណាំ ។ លុះមកដល់វេលាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានយកឧបករណ៍ទៅដាក់ឆក់កណ្តុរដូចសព្វមួយដង ។ លុះព្រឹកឡើងស្រាប់តែបុរសជាឪពុកដើរទៅចម្ការប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើខ្សែលួស ទើបរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុដកហូតវត្ថុតាងរួមមាន៖ អាគុយម៉ាក3K កម្លាំង១០០អំពែរចំនួន០១គ្រឿង ,អាំងវ៉ុលទ័របំលែងភ្លើង០១គ្រឿង ,ខ្សែលួសរាយសំរាប់ឆក់កណ្តុរមួយចំនួន ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឧបករណ៍ឆក់កណ្តុរឆក់ប្រាកដមែន ។
តាមការសន្និដ្ឋាន នៅមុនពេលកើតហេតុជនរងគ្រោះបានដើរត្រួតពិនិត្យខ្សែលួសឆក់ការពារសត្វកណ្តុរចូលស៊ីស្រូវ ដោយមិនបានដោះក្រចាប់អាគុយចេញ ខណៈកំពុងដើរក៏រអិលជើងដួលសង្កត់លើខ្សែលួសឆក់ស្លាប់តែម្តង ។
ក្រោយពីពិនិត្យឆប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ