ភ្នំពេញ ៖យុវជនម្នាក់ដែលញៀនថ្នាំហើយបានធ្វើបាប់លោកយាយខ្លួនឯងជារៀងរាល់ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួន ខណៈកំពុងអុកឡុកក្នុងផ្ទះ ក្រោយពីសុំលុយមិនបាន ។
ហេតុការណ៍នេះ បានកើតឡើងកាលណពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ បញ្ញា អាយុ១៧ឆ្នាំ (ជាមនុស្សញៀនថ្នាំផងដែរ) រីឯលោកយាយរងគ្រោះ មិនស្គាល់ឈ្មោះទេ មានអាយុ៧៦ឆ្នាំ ហើយមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
តាមសាក្សីនៅជិតកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា លោកយាយមានជីវភាពក្រីក្រ ដោយគ្មានអ្វីជាទីពឹង រកលុយមិនបាន ហើយត្រូវចៅប្រុសអុកឡុកស្ទើររាល់ថ្ងៃ និងទារលុយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង ។
បើតាមជនសង្ស័យនិយាយថា ខ្លួនទារលុយនេះ ដោយសារបានយកម៉ូតូមួយគ្រឿងដែលត្រូវប៉ូលិសចាប់ដកហូតទុកកាលពី៥ ថ្ងៃមុន ហើយអត់លុយទៅលោះយកវិញ ។
បច្ចុប្បន្ន យុវជនខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសាងសួរនៅប៉ុស្តិ៍ចោមចៅ៕ សុខាសែនជ័យ