ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ឯក សឿន កំពុងអុកឡុកខេត្តសៀមរាប

ចែករំលែក៖

ប្រភពបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ឈ្មោះ ឯក សឿន ដែលអគ្គស្នងការនគរបាលជាតិបញ្ជូនពីភ្នំពេញឲ្យចាំ បង្ក្រាបបទល្មើសនោះ កំពុងអុកឡុកពួកឈ្មួញរកស៊ីនៅក្នុងខេត្តនេះ ដើម្បីប្រមូលយកប្រាក់ ពោលគឺគាត់មិនបានបំពេញតួនាទីក្នុងការបង្ក្រាបបទល្មើសនោះទេ ផ្ទុយទៅវិញ បែរជាដាក់កុងត្រូលឈរជើងនៅតាមផ្លូវជាតិលេខ៦ក្នុងស្រុកជីក្រែង, ប្រាសាទបាគង, សូទ្រនិគម, ក្រុងសៀមរាប, ស្រុកក្រឡាញ់ និងស្រុកពួក ដើម្បីចាំជំរិតយកប្រាក់ពីម្ចាស់រថយន្តដឹកទំនិញ ។

គេរាយការណ៍ថា ក្បួនរថយន្តដឹកឈើ និងទំនិញគេចពន្ធឆ្លងកាត់ផ្លូវជាតិលេខ៦មិនអាចគេចពីក្រសែភ្នែកដ៏មុតស្រួចរបស់លោកឯក សឿន បានឡើយ ។ មិនតែប៉ុណ្ណោះ លោកឯក សឿន ថែមទាំងប្រាប់ពួកឈ្មួញទាំងអស់នោះថា បើមិនខំរកប្រាក់ គឺមិនអាចរកចំណេញបានទេ ។ គាត់ប្រាប់ពួកឈ្មួញថា ផ្លូវជាតិលេខ៦ក្នុងខេត្តសៀមរាប ត្រូវគាត់បង់ថ្លៃឲ្យថ្នាក់លើមួយខែៗរាប់ពាន់ដុល្លារ ។ ដូច្នេះ បើមិនខំធ្វើការដើម្បីរកប្រាក់ទេនោះ ពិតជាគ្មានលុយបង់ឲ្យថ្នាក់លើនោះឡើយ ។ គាត់និយាយទៀតថា វាជាការចែករំលែកគ្នារវាងឈ្មួញ និងសមត្ថកិច្ច ដើម្បីអាចរស់ទាំងអស់គ្នា គឺទាំងឈ្មួញក៏អាចរកស៊ីបាន និងសមត្ថកិច្ចក៏អាចឈរជើងនៅទីនោះបាន ។ ដូច្នេះត្រូវតែឲ្យលុយគាត់ ។

នៅក្នុងចំណោមផ្លូវសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្តសៀមរាប សុទ្ធតែមានក្រុមកូនចៅរបស់លោកឯក សឿន ដាក់កុងត្រូលចាំយកប្រាក់ទាំងអស់ ។ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនខុសច្បាប់ គឺជាគោលដៅដ៏សំខាន់។ ក្រុមកូនចៅលោកឯក សឿន ប្រមូលយកលុយពីឈ្មួញដឹកជញ្ជូនទំនិញ ក៏ដូចជាដឹកឈើតាមផ្លូវជាតិលេខ៦ ពីខេត្តបន្ទាយមានជ័យចូលក្រុងសៀមរាប, ពីខេត្តឧត្តរមានជ័យ ចូលក្រុងសៀមរាប និងពីខេត្តព្រះវិហារចូលក្រុងសៀមរាប កាត់តាមស្រុកស្វាយលើ ។

គេមិនដឹងថា តើសម្តីលោកឯក សឿន មានការពិតក្នុងកម្រិតណានោះទេ ចំពោះការដែលត្រូវចំណាយប្រាក់ឲ្យថ្នាក់លើនោះ ។ ប៉ុន្តែក្រុមឈ្មួញទទួលស្គាល់ថា លោកឯក សឿនមានលិខិតបេសកកម្មដើម្បីបង្ក្រាបបទល្មើសសេដ្ឋកិច្ចនោះមែន ។រីឯរឿងបង់លុយបង់កាក់ឲ្យថ្នាក់លើយ៉ាងណានោះ គេមិនដឹងទេ ៕

 


ចែករំលែក៖