ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរទៅរកការងារធ្វើនៅក្នុង ប្រទេសថៃតាមច្រកទ្វារតំបន់អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹកបានរិះគន់ខ្លាំងៗទៅលើ នគរបាលព្រំដែនគោកវរសេនាតូច៨១៩ កំពុងឈរជើងប្រចាំការនៅច្រកទ្វារសហការគ្នាចាំទារលុយពីពួកគាត់ថ្លៃធ្វើលិខិត ឆ្លងដែនលើសសៀវភៅបន្ទុក ។
ប្រជាពលរដ្ឋជាពលករបានឲ្យដឹងថាការធ្វើលិខិតឆ្លងដែនក្នុងរយៈពេលមួយ សប្តាហ៍ត្រូវបានក្រសួងមហាផ្ទៃកំណត់ត្រឹម តែ២៥.០០០រៀលប៉ុណ្ណោះប៉ុន្តែខាងនគរបាលការពារព្រំដែនគោកដែលប្រចាំការនៅច្រកទ្វារតំបន់អូររំដួលស្រុកភ្នំព្រឹកបានយកលុយពីពួកគាត់ក្នុងតម្លៃ៦៥.០០០ រៀលទៅដល់៧០.០០០រៀល ។
ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើលោក លាង មួយសេង នាយ ប៉ុស្តិ៍វរៈសេនាតូច៨១៩ប្រចាំការនៅច្រក ទ្វារតំបន់អូររំដួលបានឲ្យដឹងថា ខាងលោកមិនបានអនុញ្ញាតឲ្យយកថ្លៃរបៀបនេះទេ ប្រហែលជាកូនចៅរបស់លោកយកហើយចាំលោកសាកសួរទៅកូនចៅ។ ប្រសិនលើ ជាយកតម្លៃ២៥.០០០រៀលដូចគេថាវា មិនរួចថ្លៃយកសៀវភៅពីស្នងការមកផង ហើយលុយដែលបានមកនេះត្រូវផ្ញើឲ្យទៅស្នងការមួយចំនួននិងមួយចំនួនទុកសម្រាប់ ដោះស្រាយនៅក្នុងអង្គភាព ។
លោក ពុំ ចាន់ ស្នងការរងខេត្តបាត់ដំបង ទទួលបន្ទុកព្រំដែនបានលើកឡើងកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ថា រឿងហ្នឹង លោកមិនបានដឹងទេ ប្រហែលជាពាក្យ ចចាមអារ៉ាមចេះតែនិយាយតៗគ្នាទេដឹង។ បើសិនជាកម្លាំងរបស់លោកយកថ្លៃមែន សូមឲ្យពួកគាត់ទៅធ្វើនៅច្រកដូងទៅ ព្រោះវាជាច្រកអន្តរជាតិ ៕ សហការី