ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ បានប្រើកាំបិតកាប់មកលើមន្ត្រីកងរាជអាវុធហត្ថក្រុងម្នាក់ បណ្តាលឲ្យរយៈដៃរងរបួសធ្ងន់ ខណៈពេលមន្ត្រីជាជនរងគ្រោះស្ទាក់ជនសង្ស័យ កំពុងតែរត់គេចពី ប្រជាពលរដ្ឋតាមស្រែកថាចោរៗ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើដងផ្លូវ២១៧ ក្បែរច្រកចូលផ្លូវចាក់សំរាមចាស់ ត្រង់ចំនុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញករណីខាងលើបានឲ្យដឹងថា ដំបូងគេឃើញជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះកង់ពីផ្លូវវេងស្រេង មកផ្លូវមុន្នីរ៉េត(217) ដោយមានប្រជាពលរដ្ឋដេញតាមស្រែកថាចោរៗៗ ស្របពេលនោះក៏មានបុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថក្រុង តែពាក់ឯសន្ថានសុីវិល បានជិះម៉ូតូកាត់ឃើញ រួចស្ទាក់ពីមុខដើម្បីសួរនាំ តែពេលនោះជនសង្ស័យដែលអង្គុយពីក្រោយ បានទាញកាំបិតតាងតោកាប់មកលើបុរសជាអាវុធហត្ថមួយកាំបិតបណ្ដាលឲ្យចំដៃខាងឆ្វេងរយះចេញឈាម រងរបួសធ្ងន់ ។ បន្ទប់ពីជនបង្កដែលអង្គុយពីក្រោយបានបង្ករបួសស្នាមរួច រូបគេបានរត់គេចខ្លួនបាត់ស្រមោល ក៏ប៉ុន្តែជនរងគ្រោះចាប់បានប័ក្ខពួគគេបានម្នាក់ ។
ក្រោយមក ខាងកម្លាំងរាជអាវុធហត្ថក្រុងបាននាំជនសង្ស័យយកទៅមូលដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ។ចំណែកឯបុរសរងគ្រោះដែលជាកងរាជអាវុធហត្ថ ត្រូវបានកងកម្លាំងដឹកបញ្ចូនទៅមន្ទីពេទ្យចាន្ទ្រាវុធ ដែលនៅក្បែកន្លែងកើតហេតុដើម្បីជួយសង្គ្រោះភ្លាមៗ៕ ភារ៉ា ដង្កោ