ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះ បានពិភាក្សា និងអនុម័តទៅលើឯកសារដែលបានរៀបចំ ក្នុងនោះមាន ៖
១/ របាយការណ៍សកម្មភាព ឆ្នាំ២០១៦ និងផែនការការងារ ឆ្នាំ២០១៧។
២/ របាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០១៦ និងព្យាករណ៍ចំណូលថវិកា ឆ្នាំ២០១៧។ និង
៣/ អនុម័តលើផែនការថវិកាចំណាយជាអាទិភាព ឆ្នាំ ២០១៧។
ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការជួយសម្រាលការលំបាកដល់ជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ទៅតាមផែនការប្រចាំឆ្នាំដែលបានកំណត់ និងក្នុងកិច្ចការងារក្រៅអាទិភាពជាច្រើនទៀត។
សូមបញ្ជាក់ថា ៖ ក្នុងឆ្នាំ ២០១៦ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង ៤ ឱ្យប្រតិបត្តិការទៅដោយរលូន និងមានប្រសិទ្ធភាព ដោយបានឆ្លើយតបចំពោះភាពងាយរងគ្រោះ និងរងគ្រោះសរុបចំនួន ១៣២,៦៤២គ្រួសារ ក្នុងនោះពីថ្នាក់កណ្តាលចំនួន ៥៣,៩៩៨គ្រួសារ ពីថ្នាក់សាខាចំនួន ៧៩,៤៦៤គ្រួសារ ច្រើនជាងឆ្នាំ ២០១៥ ចំនួន ៦៣,៩៣១គ្រួសារ៕