ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ បានផ្សព្វផ្សាយ អប់រំចិត្តសាស្រ្តដល់កងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីឱ្យយល់ជ្រាបច្បាស់ពីតួនាទី ភារកិច្ច ត្រូវបន្ត សិក្សាស្រាវជ្រាវបន្ថែមលើបទដ្ឋានគតិយុត្តិ ដើម្បីកសាងជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន។
វត្តមានចូលរួមក្នុងពិធីនេះមាន ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការរង ស្នងការ មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានី-ខេត្ត នាយ នាយរង ការិយាល័យចំណុះបញ្ជាការដ្ឋាន កងវរសេនាតូចកងរាជអាវុធហត្ថជាច្រើនរូប។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងពីភាពជាក់ស្តែងដែលកើតមានឡើងនៅលើពិភពលោក កើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកើតមានឡើងក្នុងតំបន់ ឱ្យយល់ច្បាស់ ពីការវិវត្តន៍ប្រែប្រួលទាំង អស់នោះ។ តាមរយៈនៃការផ្សព្វផ្សាយនេះ ត្រូវយកទៅផ្សព្វផ្សាយបន្តដល់នាយទាហាន នាយទាហានរង និងពល ទាហាននៃកងរាជអាវុធហត្ថ ក្រោមឱវាទរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យអាវុធហត្ថម្នាក់ៗត្រូវក្តាប់ជាប់ ត្រូវប្រតិបត្តិ និងត្រូវជៀសវាង ព្រមទាំងមានការឯកភាពគ្នាខ្ពស់ទៅលើរបៀបធ្វើការនៅក្នុងកងរាជអាវុធហត្ថ។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា ប្រទេសជាតិរបស់យើងកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវយល់ឱ្យច្បាស់ពី កាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗ ដើម្បីចូលរួមដើម្បីជ្រើសរើសមគ្គុទេសដឹកនាំប្រទេស ដឹកនាំនយោបាយនៅមូលដ្ឋានឃុំ សង្កាត់ និងសង្ឃឹមថាការប្រើសិទ្ធិក្នុងនាមជាពលរដ្ឋបានត្រឹមត្រូវ ក្នុងការជ្រើសរើសមេដឹកនាំដែលពូកែ ឈ្លាសវៃ នាំយើងឱ្យមានសេចក្តីសុខ មានសន្តិភាព ស្គាល់ពិភពលោក ក្នុងតំបន់ និងកម្ពុជាខ្លួនឯងផ្ទាល់។ ជាមួយនោះ ត្រូវក្តាប់ ជាប់នូវព័ត៌មានសន្តិសុខ មុខសញ្ញាភាវរកម្ម និងមុខសញ្ញាដែលបំផ្លាញ ការបោះឆ្នោតតាមរូបភាពណាក៏ដោយ ដើម្បី ការពារសន្តិសុខ សន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បំរើឱ្យការការពារកាបោះឆ្នោតខាងមុខនេះ។ លោក មេបញ្ជាការបានលើកឡើងពីសមិទ្ធផលនិងស្នាដៃសំខាន់ៗ ក្នុងការកសាងជម្រុំជម្រក អគារធ្វើការ មធ្យោបាយ គ្រឿងបំពាក់ រូមជាការចិញ្ចឹមសុខមាលភាពកងទ័ព និងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកងរាជអាវុធហត្ថ សម្រេចបាន ទទួលបាននូវជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានទាំងជាតិ ទាំងអន្តរជាតិ ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងក្រសួង ការពារជាតិ ទាំងអគ្គបញ្ជាការកងទ័ព បានជឿដាក់ទុកចិត្តមកលើកងរាជអាវុធហត្ថ ហើយក៏បានប្រគល់ភារកិច្ចជាបន្ត បន្ទាប់ ឱ្យកងរាជអាវុធហត្ថទទួលខុសត្រូវ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានរំឮកថា សមិទ្ធផលដែលសម្រេចបានធំៗ ជាងគេនោះ គឺសាមគ្គីឯកភាពក្នុងមហាគ្រួសារអាវុធហត្ថ សមិទ្ធផលទី២ គឺការគោរព និងអនុវត្តន៍វិន័យព្រមទាំងការ ប្រតិបត្តិច្បាប់ក្នុងក្របខណ្ឌជាគំរូរបស់កងរាជអាវុធហត្ថ និងតាមរយៈនៃការរៀន សូត្រនៅសាលានិងបទពិសោធន៍ការងារ ជាក់ស្តែង ធ្វើឱ្យកងរាជអាវុធហត្ថក្លាយជាកម្លាំងមួយដែលមិនអាចខ្វះបាននៅក្នុងខឿនសន្តិសុខជាតិរបស់ប្រជាជន។ ស្នាដៃ និងសមិទ្ធផលទាំងអស់នេះ បានមកពីការចូលរួមរបស់អាវុធហត្ថគ្រប់ៗរូប ដែលអនុវត្តត្រឹមត្រូវទៅ នឹងវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តរបស់រដ្ឋ និងការអនុវត្តឋានានុក្រមកងទ័ពតាមលំដាប់ថ្នាក់ ជាពិសេសគាំទ្រ ការដឹកនាំរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឆ្លៀតក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការកោតសរសើរ និងអរគុណ ព្រមទាំងជូនពរដល់អាវុធហត្ថទាំងអស់ បន្តខិតខំប្រឹងប្រែងរួមគ្នាកសាង អង្គភាពកងរាជអាវុធហត្ថឱ្យកាន់តែមានភាពជឿនលឿន ដើម្បីជាស្នូល ជាកម្លាំងការពារសន្តិសុខ រក្សាសណ្តាប់ធា្នប់ រួមចំណែកកសាង និងពង្រឹងការអនុវត្តច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ៕