ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជួបសំដែងការគួរសមជាមួយសេ្តចប្រដាល់ហ្វីលីពិន Manny Pacquiao (Mr. PAC Man) ដោយមានការចូលរួមពីសហព័ន្ធកីឡាប្រដាល់កម្ពុជា និងកីឡាប្រដាល់ល្បីៗរបស់កម្ពុជា។
លោក Pacquiao សន្យានឹងអញ្ជើញមកកាន់កម្ពុជាជាថ្មីម្តងទៀត ដើម្បីជួយបង្ហាត់បង្រៀនដល់កីឡាករកម្ពុជា តាមការស្នើសុំរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់បន្ថែមថា ពេលវេលានៃការអញ្ជើញត្រឡប់មកកម្ពុជាសារជាថ្មី របស់ស្តេចប្រដាល់រូបនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះលោកបានសន្យាចេញពីទឹកចិត្តរបស់គាត់ថា នឹងមកកម្ពុជាជាថ្មីដើម្បីជួយបង្ហាត់ដល់កីឡាករប្រដាល់ខ្មែរ នៅពេលវេលាសមរម្យណាមួយ ៕