ខេត្តសៀមរាប៖ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ពលរដ្ឋប្រុសស្រី៥នាក់ មានអក្ការះក្អួតចង្អោរនឹងទន់ដៃទន់ជើងបណ្តាលឲ្យលោកយាយម្នាក់ បានស្លាប់និងមនុស្សប្រុសស្រី ៤នាក់ទៀត កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យដោយសង្ស័យពុលផ្អកត្រីប្រៃនិងបន្លែ ។
ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិបង្កោងឃុំអំពិលស្រុកប្រាសាទបាគង។
នគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងនៅ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ថា ពិតជាមានករណីពុលផ្អកត្រីប្រៃបណ្តាលឲ្យលោកយាយម្នាក់ស្លាប់ និងមនុស្ស៤នាក់ទៀត មានអក្ការះក្អួតចង្អោរនឹងទន់ដៃទន់ ជើងនោះមែនហើយត្រូវបានអ្នកជិតខាងនិងអាជ្ញាធរជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សមត្ថកិច្ចបានបន្ថែមថាលោកយាយដែលស្លាប់ ឈ្មោះគង់ ផ្លយអាយុ៧០ឆ្នាំរស់ នៅភូមិឃុំខាងលើ។
គួររំលឹកថា កាលពីថ្ងទី៨ខែធ្នូសប្ដាហ៍មុន ពលរដ្ឋក្មេងចាស់ និងព្រះសង្ឃជាង៥០នាក់/អង្គ មានអាការៈរាករួស និងក្អួតចង្អោរ ក្រោយពីទទួលទានផ្អកកំពឹស នៅក្នុងពិធីបុណ្យសពមួយ នៅភូមិអារញ្ញាសាគរ សង្កាត់សៀម ក្រុងសៀមរាប ប៉ុន្ដែទោះជាយ៉ាងណាជនរងគ្រោះទាំងនោះមិនគ្រោះថ្នាក់ដល់ជីវិតនោះទេ។
ដោយឡែកកាលពីចុងខែមិនា ឆ្នាំ២០១៦នេះ មនុស្សម្នាក់ ស្លាប់និង៧នាក់ផ្សេងទៀត មានអាការៈវិលមុខក្អួតចង្អោរក្រោយពេលពួកគាត់ ទទួលទានត្រីក្រពតនិងស្រាសនៅស្រុកវ៉ារិនខេត្ដសៀមរាប៕ ជានិរន្ដរ៍