ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ សេតវិមានព្រមាន ដូណាល់ ត្រាំ មិនត្រូវផ្លាស់ប្តូរទំនាក់ទំនងជាមួយគុយបាឡើយ

ចែករំលែក៖

សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៣ ខែ ធ្នូ បានផ្សាយថា សេតវិមាននឹងមានផលប៉ះ ពាល់ខ្លាំងចំពោះទីក្រុងវ៉ាស៊ីនតោន និង ពលរដ្ឋគុយបា ប្រសិនបើរដ្ឋាភិបាលថ្មីផ្លាស់ ប្តូរទំនាក់ទំនងដ៏ល្អប្រសើរដែលលោក អូបាម៉ា បានខិតខំជាមួយប្រទេសគុយបានាពេលកន្លងមក។

នៅក្នុងបទសម្ភាសន៍មួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Ben Rhodes បានឲ្យដឹងថា «យើងបានមើលឃើញនូវការវិវឌ្ឍក្នុងទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយពលរដ្ឋគុយបា ដូច្នេះអាមេរិកត្រូវតែរក្សានូវគោលនយោបាយខាងលើ និង ផ្តល់ឱកាសដល់បណ្តាក្រុមហ៊ុនអាមេរិក»។

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានគំរាមថា នឹងបញ្ចប់ ទំនាក់ទំនងជាមួយគុយបា ហើយបន្ថែម ទណ្ឌកម្មស្តីពីវិស័យទេសចរណ៍ ពាណិជ្ជ កម្មនិងហិរញ្ញវត្ថុ។

ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិន បើលោក ត្រាំ បញ្ចប់ទំនាក់ទំនងជាមួយ គុយបានោះគឺជារឿងមួយដែលធ្វើឲ្យប្រទេស ជាសម្ពន្ធមិត្តខកចិត្តយ៉ាងខ្លាំងចំពោះអាមេរិក ខណៈដែលអឺរ៉ុបដែលជាសម្ពន្ធមិត្តជិតស្និទ្ធអាមេរិកបានចុះកិច្ចព្រមព្រៀងក្នុងការរៀបចំទំនាក់ទំនងល្អប្រសើររវាងអឺរ៉ុបនឹងគុយបា។
សហភាពអឺរ៉ុបនិងប្រទេសគុយបាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោ បាយនិងសហប្រតិបត្តិការនៅទីក្រុងប៊្រុច សែល។ វាគឺជាលើកដំបូងបង្អស់ដែលប្លុកអឺរ៉ុបនិងគុយបាបានចុះហត្ថលេខារួមគ្នា ដើម្បីរៀបចំទំនាក់ទំនងប្រក្រតីជាមួយ គ្នាឡើងវិញ។ ការចុះកិច្ចព្រមព្រៀងត្រូវ បានធ្វើឡើងតែ២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមរណភាពរបស់អតីតប្រធានាធិបតីគុយបាលោក Fidel Castro ។

រហូតមកទល់ពេលនេះគុយបាគឺជា ប្រទេសអាមេរិកឡាទីនតែមួយគត់ដែលពុំបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ អន្តរជាតិជាមួយសហភាពអឺរ៉ុប។ ម្យ៉ាងទៀត ការចុះហត្ថលេខានេះក៏ជាការចាប់បើកទំព័រ ប្រវត្តិសាស្ត្រជាផ្លូវការថ្មីមួយដែរនៅក្នុង ទំនាក់ទំនងទ្វេភាគីអឺរ៉ុប-គុយបា។

កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបនឹងគុយបាត្រូវបានចុះហត្ថលេខាដោយរដ្ឋ មន្ត្រីក្រសួងការបរទេសគុយបានិងប្រមុខ ការទូតសហភាពអឺរ៉ុបលោកស្រី Federica Moghrini នៅសម័យប្រជុំរបស់បណ្តារដ្ឋ មន្ត្រីការបរទេសទាំង២៨ប្រទេសរបស់ សហភាពអឺរ៉ុប។

ការរៀបចំទំនាក់ទំនងជាប្រក្រតីរវាងសហភាពអឺរ៉ុបនឹងគុយបាត្រូវបានប្រពឹ្រត្តទៅបន្ទាប់ពីសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី អូបាម៉ា បានងាកទៅចាប់ដៃជាមួយទីក្រុងឡាហាវ៉ាន វិញដែលបានបិទបញ្ចប់ផងដែរ កាលពីខែ កក្កដា ឆ្នាំ២០១៥ ការផ្តាច់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក-គុយបាតាំងពី៦០ ឆ្នាំកន្លងមក។ ក្រោយមកទៀតលោក អូបាម៉ា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅគុយបាកាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅ។

គួររំលឹកថា ប្រមុខការទូតសហភាពអឺរ៉ុប ធ្លាប់បានជូនដំណឹងកាលពីចុងខែកញ្ញាមុន ថា លោកស្រីនឹងដាក់សំណើរបស់លោកស្រីជូនដល់ប្រទេសអឺរ៉ុបទាំង២៨ដើម្បី លុបចោលអត្ថបទមួយចុះនៅឆ្នាំ១៩៩៦ដែលទាមទារឲ្យគុយបាគោរពសិទ្ធិមនុស្សឲ្យបានល្អត្រឹមត្រូវមុននឹងអាចរៀបចំទំនាក់ ទំនងជាធម្មតាឡើងវិញជាមួយសហភាពអឺរ៉ុប។ អត្ថបទនេះត្រូវបានប្រមុខការទូតសហភាពអឺរ៉ុបវាយតម្លៃថាជាចំណុចខ្លាំងបំផុតមួយនៅក្នុងការខ្វែងគំនិតគ្នារវាងទីក្រុង ប្រ៊ុចសែលនឹងទីក្រុងឡាហាវ៉ាន។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនយោបាយនិងពាណិជ្ជកម្មនេះនឹងក្លាយទៅជា ក្របខ័ណ្ឌច្បាប់ថ្មីនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនឹងប្រទេសគុយបា។ យោងតាមទីក្រុងប្រ៊ុចសែលគេត្រូវរង់ចាំការយល់ព្រម ពីសំណាក់សភាអឺរ៉ុបនិងសភាជាតិ ព្រមទាំង សភាតំបន់នៃប្រទេសអឺរ៉ុបទាំង២៨សិន មុននឹងអាចអនុវត្តកិច្ចព្រមព្រៀងខាងលើនេះឲ្យបានពេញលេញ។

ក្រៅពីគុយបាលោក ដូណាល់ ត្រាំ ក៏ បានព្រមានថា នឹងលុបចោលកិច្ចព្រមព្រៀង ជាមួយអីុរ៉ងផង់ដែរ បានធ្វើឲ្យមេដឹកនាំអីុរ៉ង់ ប្រកាសថា និងមានវិធានការតបតវិញ។ ក្រោយពេលអាមេរិកព្រមព្រៀងជាមួយអីុរ៉ង់ និងលុបចោលទណ្ឌកម្មមួយចំនួនធ្វើឲ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរល្អប្រសើរឡើងវិញ ពិសេសគឺវិស័យពាណិជ្ជកម្ម។

កន្លងមកក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល អុីរ៉ង់បានចុះហត្ថលេខានៅថ្ងៃអាទិត្យទី១១ ខែធ្នូ ឆ្នាំ២០១៦ ជាមួយក្រុមហ៊ុនផលិត យន្តហោះអាមេរិក ប៊ូអុីងលើកិច្ចសន្យា ទិញយន្តហោះចំនួន៨០គ្រឿង ក្នុងតម្លៃ ទឹកប្រាក់១៦,៦ពាន់លានដុល្លារអាមេរិក។ នេះជាកិច្ចសន្យាទិញយន្តហោះដ៏ធំបំផុត មិនធ្លាប់មានឡើយសម្រាប់អុីរ៉ង់ និងប៊ូអុីង គិតតាំងពីឆ្នាំ១៩៧៩មក។

បន្ទាប់ពីបានចរចាអស់ជាច្រើនខែកិច្ចសន្យាទិញយន្តហោះ៨០គ្រឿង ក្នុងនោះ៥០គ្រឿងជាយន្តហោះប្រភេទ៧៣៧ និង ៣០គ្រឿងជាប៊ូអុីង៧៧៧ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនអុីរ៉ង់តែម្តងនៅទីក្រុងតេអេរ៉ង់។

ប៉ុន្តែការចុះកិច្ចសន្យាប្រព្រឹត្តទៅចំពេល ដែលរដ្ឋសភានិងព្រឹទ្ធសភាអាមេរិកកំពុងតែពិភាក្សាដាក់ទណ្ឌកម្មជាថ្មីលើអុីរ៉ង់ សម្រាប់រយៈពេល១០ឆ្នាំខាងមុខទៀត ក្រោមក្រសែភ្នែកខឹងសម្បារបស់តេអេរ៉ង់។ ថ្នាក់ដឹកនាំជាន់ខ្ពស់អុីរ៉ង់ទាំងមូលបាន សន្យាថា នឹងឆ្លើយតបឱ្យសក្តិសម និង ចាត់ទុកការបន្តដាក់ទណ្ឌកម្មថ្មីនេះថាផ្ទុយនឹងអត្ថន័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីខែកក្កដាឆ្នាំ២០១៥។ ប្រមុខ សាសនាខាមេណីធ្លាប់បានទាំងចោទសួរ កាលពីខែមិថុនាថា តើគួរទិញយន្តហោះ ប៊ូអុីងជាអាទិភាពរបស់ប្រទេសដែរឬទេ?

ថ្វីបើអាមេរិកបានព្យួរទណ្ឌកម្មពីអុីរ៉ង់ ក្រោយមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរមែន តែអាមេរិកនៅបន្តសើរើដាក់ទណ្ឌកម្មអុីរ៉ង់ ជារៀងរាល់១០ឆ្នាំម្តងគិតចាប់ពីឆ្នាំ១៩៩៦ ជុំវិញការមិនគោរពសិទ្ធិមនុស្សការទាក់ ទងនឹងអំពើភេរវនិយម និងកម្មវិធីមីស៊ីល បាលីស្ទិក។ ទណ្ឌកម្មលើវិស័យធនាគារ ឧស្សាហកម្មថាមពលនិងការពារជាតិ ដែលបានធ្វើឱ្យសេដ្ឋកិច្ចអុីរ៉ង់មានកំណើនតិចជាងក្តីសង្ឃឹម៕  ម៉ែវ សាធី

 

donald_trump


ចែករំលែក៖