ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីហ្វីលីពីន

ចែករំលែក៖

ភ្នំពេញៈ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៤ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Rodrigo Roa Duterte ប្រធានាធិបតីហ្វីលីពីន។ លោក Rodrigo Roa Duterte បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជានិងហ្វីលីពីនគឺពិតជាទំនាក់ទំនងបងប្អូនដែលមានរយៈពេល ៥៩ឆ្នាំមកហើយ។ នៅឆ្នាំ២០១៧នេះ គឺជាខួបទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងជំនូបនេះកាលពីរសៀលនេះ លោកប្រធានាធិបតីហ្វីលីពីន បានប្រកាសផ្ដល់អាហារូបករណ៍ដល់កម្ពុជាចំនួន៦០កន្លែង ដើម្បីអោយនិស្សិតកម្ពុជាបានទៅសិក្សានៅហ្វីលីពីន។ តាមរយៈអាហារូបករណ៍នេះ គឺនឹងជំរុញបន្ថែមនូវទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីហ្វីលីពីន ដែលសម្រេចផ្ដល់អាហារូបករណ៍ខាងលើ និងអរគុណរដ្ឋាភិបាល និងប្រជាជនហ្វីលីពីនដែលកន្លងមកបានផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានស្នើអោយក្រសួងពាក់ព័ន្ឋកម្ពុជា សហការជាមួយក្រសួងការបរទេសហ្វីលីពីនសហការរៀបចំពីធីរំលឹកខួប៦០ឆ្នាំ ដើម្បីពង្រឹងចំណងទាក់ទង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ។ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរគឺនៅមានកម្រិតនៅឡើយ។

សម្ដេចតេជោ បានស្នើអោយប្រទេសទាំងពីរពិនិត្យមើលលទ្ធភាព និងសក្តានុពលទាំងឡាយ ដើម្បីពង្រីកទំហំពាណិជ្ជកម្មអោយកាន់តែធំឡើង។ រីឯចំពោះវិស័យទេសចរណ៍វិញកន្លងមកគឺកម្ពុជាទទួលភ្ញៀវទេសចរណ៍ហ្វីលីពីនប្រមាណ ៩ម៉ឺននាក់។ តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីនជាប្រវត្តិសាស្រ្តនេះ គឺយើងសង្ឃឹមថា ទេសចរណ៍ហ្វីលីពីននឹងឡើង ជាពិសេសប្រសិនបើមានការហោះហើរត្រង់ពីហ្វីលីពីនមកកម្ពុជា។ លោកប្រធានាធិបតីហ្វីលីពីន នឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនចំពោះការបើកជើងហោះហើរត្រង់មកកម្ពុជា។ លោកប្រធានាធិបតីនឹងជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ជាពិសេសប្រាសាទបូរាណដ៏ល្បីល្បាញរបស់កម្ពុជា ដើម្បីប្រជាជនហ្វីលីពីនមកទស្សនា។

ចំពោះវិស័យកសិកម្មវិញ សម្ដេចតេជោ បានជម្រាបជូនលោកប្រធានាធិបតីអំពីអង្ករខ្មែរដែលជាប់ចំណាត់ថ្នាក់គុណភាពល្អបំផុតលើពិភពលោក។ ហ្វីលីពីនអាចចាប់យកឱកាសវិនិយោគលើស្រូវអង្ករសម្រាប់នាំចេញ គឺរាជរដ្ឋាភិបាលកម្ពុជាបើកចំហរអោយអ្នកវិនិយោគហ្វីលីពីនមានសិទ្ឋិវិនិយោគ១០០%នៅកម្ពុជា ដោយមិនចាំបាច់តម្រូវអោយមានភាគីក្នុងស្រុកដាក់ទុនជាមួយឡើយ។ គឺក្រុមហ៊ុនដាក់ទុនផលិត ប្រមូលទិញ កិន និងនាំចេញទាំងស្រុងបានតែម្ដង។ លោកប្រធានាធិបតីហ្វីលីពីនពេញចិត្តនឹងរស់ជាតិអង្ករកម្ពុជា ហើយលោកនឹងខិតខំជំរុញវិស័យកសិកម្មលើដំណាំស្រូវនេះផងដែរ។

ចំពោះវិស័យសន្តិសុខវិញ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំអោយមានការជួយជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែនផង និងវិស័យភេរវកម្មផង ព្រមទាំងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចតេជោ បានអបអរសាទរ ចំពោះប្រទេសហ្វីលីពីនដែលបានធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០១៧ នេះ។

លោកប្រធានាធិបតី Rodrigo Duterte រីករាយចំពោះការលើក ឡើងរបស់សម្តេចតេជោ។ លោកប្រធានាធិបតីនឹងផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ប្រជាពលរដ្ឋ យុវជន និង អ្នកវិនិយោគទុនហ្វីលី ពីនដើម្បីបានមកទស្សនាកំសាន្ត និងមកវិនិយោគនៅកម្ពុជា។ លោកប្រធានាធិបតីក៍បានលើកទឹកចិត្តអោយភាគីផ្នែកសន្តិសុខ និងក្រសួងមហាផ្ទៃសហការគ្នាលើបញ្ហាសន្តិសុខ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រឹដ្ឋកម្មឆ្លងដែនអោយកាន់តែមាន ប្រសិទ្ឋិភាព។

បន្ទាប់ពីបានពិភាក្សាប្រកបដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុតមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាចំនួន ៤ ដែលនឹងធ្វើអោយចំណងមិត្តភាព និងទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ី ជម្រៅរឹងមាំថែមទៀត ជាពិសេសលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងកសិកម្មជាដើម ៕

fb_img_1481757909998 fb_img_1481757293371 fb_img_1481757924074


ចែករំលែក៖