ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តពោធិសាត់សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់រថយន្តយីឌុបដឹកឈើរាជថ្កុល(ឈើម្រេញ)ល្មើសច្បាប់បានមួយគ្រឿងនិងឃាត់ខ្លួនមនុស្សម្នាក់

ចែករំលែក៖

ខេត្តពោធិសាត់៖ ឈើប្រភេទហាមឃាត់ រាជថ្កុល (ឈើម្រេញ) មួយរថយន្តយីឌុប ដែលឈ្មួញគឃ្លើននឹងច្បាប់ ដឹកជញ្ជូនដោយគ្មានលិខិតអនុញាតពីរដ្ឋបាលព្រៃឈើ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពោធិសាត់ សហការជាមួយកម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបទល្មើសព្រៃឈើ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបចាប់ក្នុងបទល្មើសដឹកជញ្ជូនជាក់ស្តែង កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចស្រុកក្រគរ ខេត្តពោធិសាត់ ។

សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តយីឌុបដឹកឈើម្រេញនេះ ត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិសាត់ ដើម្បីអោយខាងជំនាញរដ្ឋបាលព្រៃឈើចូលរួមវាស់វែងពិនិត្យរួមគ្នានៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦តាមនិីតិវិធីចាត់ការបន្តកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ។

សមត្ថកិច្ចបន្តថា៖ មនុស្សម្នាក់ក៏ត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរ ដើម្បីឈានដល់ការស្វែងរកមេក្លោងកាប់បំផ្លាញ និងដឹកជញ្ជូនឈើដ៏កម្រ ហើយច្បាប់ហាមឃាត់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ប្រភពពីឈ្មួញខ្លះបង្ហើបថា៖ មេក្លោងរកសុីប្រមូលទិញឈើពីការកាប់បំផ្លាញនៅតំបន់ខេត្តពោធិសាត់ ខេត្តកោះកុងគឺមានឈ្មោះ ង៉ោ ម៉ៅ ហើយរថយន្តដឹកឈើនេះក៏ជារបស់ឈ្មួញរូបនេះដែរ ដូច្នេះសមត្ថកិច្ចងាយស្រួលនឹងបន្តនីតិវិធីរកពីសាវតាជនល្មើសនេះផងដែរយកមកផ្តន្ទាទោសអោយខានតែបាន៕ សុខ ខេមរា

as-1 as-2 as-3 as-4 as-5 as-6 as-7 as-8 as-9


ចែករំលែក៖