ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាគណៈអធិបតីក្នុងពិធីសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤០ នៅមជ្ឈមណ្ឌលកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍លើកឡើងក្នុងពិធីបើកសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សភាពការណ៍ទូទៅរបស់ពិភពលោក ក៏ដូចជាក្នុងតំបន់មានការវិវឌ្ឍខ្លាំង ទាំងផ្នែកនយោបាយ សន្តិសុខ យោធា និងសេដ្ឋកិច្ច។ ដោយឡែកសភាពការណ៍នៅកម្ពុជា ក៏វិវឌ្ឍន៍គួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នៅតែម្ចាស់ការលើការដឹកនាំគ្រប់គ្រងប្រទេស ប្រកបដោយថាមពល ហើយបង្កបង្កើតបានជាឱកាសដ៏ប្រសើរសម្រាប់ ដំណើរការជាតិបោះជំហានទៅមុខ តាមវិថីនៃការអភិវឌ្ឍជានិច្ច ។

សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជានេះ ស្របពេលដែលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាន់តែខិតជិតមកដល់ និងស្របពេលនៃដំណើរវិលជុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចុះសួរសុខទុក្ខ និងដោះស្រាយការងារប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅគ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ។

សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា ជាលទ្ធផលឆ្នាំ២០១៦នេះ ក្រោយពីការយកចិត្តទុកដាក់អនុវត្ត សេចក្តីសម្រេចចិត្ត និងគោលការណ៍ គោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានពង្រឹងបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានបញ្ហាប្រឈមនានា ដែលគួរត្រូវបន្តដោះស្រាយ ឲ្យបានសមរម្យ និងជាក់ស្តែងផងដែរ ។

សូមជម្រាបថា សន្និបាតនេះ ធ្វើឡើងដោយផ្តោតលើកម្មវត្ថុសំខាន់ៗចំនួន០៤ចំណុច គឺទី១. ឆ្លងនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៦ និងទិសដៅភារកិច្ចឆ្នាំ២០១៧, ទី២. ពិនិត្យអំពីការអនុវត្តផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតនាពេលខាងមុខ, ទី៣. ពិនិត្យនិងកែសម្រួលខ្លឹមសារមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងចំណុច ទី៤. បោះឆ្នោតបំពេញបន្ថែមសមាជិក និងជ្រើសតាំងប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល ។

សន្និបាតរយៈពេល២ថ្ងៃនេះ សមាជិកគណៈកម្មាធិការកណ្តាលបានចូលរួមមានចំនួន៤៩៥រូប លើរចនាសម្ព័ន្ធរូប៥៤៥រូប។ បន្ថែមលើនេះ ដោយអង្គសន្និបាតបើកទូលាយ ក៏មានការអញ្ជើញចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួន ទាំងរាជធានី ខេត្ត មានចំនួនសរុប១.៨៦០រូប ៕

1

7

4 5 6


ចែករំលែក៖