ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាបានវិលត្រឡប់មកពីការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ីលើកទី២០ នៅប្រទេសមីយ៉ាន់ម៉ា ដោយបាននាំនូវជាមួយមេដាយចំនួន៦ ក្នុងនោះមេដាយមាស១ ប្រាក់២ និងមេដាយសំរឹទ្ធិចំនួន៣ផងដែរ ។
លោកប៉ុន សុខនាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រាប់ឲ្យដឹងថា ការមកទទួលដំណើរវិលត្រឡប់របស់ក្រុមកីឡាករ កីឡាការិនី ប៉េតង់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលនេះ ធ្វើក្នុងគោលបំណងលើកទឹកចិត្ត ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្នុងនាមថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោកបានបន្តទៀតថា ចំពោះការចេញដំណើរទៅប្រកួតលើកនេះ ចែកចេញជា ៣ ផ្នែក គឺផែ្នកយុវជនមាន៤នាក់ ដូចជា កីឡាករ ទីវរដ្ឋា កីឡាករ ឃួន លីហ៊រ កីឡាករ កុយ សុភក្រ្តា និងកីឡាករ ផង់ហាសសិទ្ធិទេវរាជ ដឹកនាំដោយលោកអ៊ុក យ៉ារី ជាគ្រូបង្វឹក ។ ផ្នែកបុរសមាន៤នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ សៀង វណ្ណា កីឡាករតឹប នរ៉ា និងកីឡាករ ហេង ថា ដឹកនាំដោយលោកអ៊ឹម ផាត គ្រូបង្វឹក។ ផ្នែកនារីមាន៤នាក់គឺកីឡាការិនីជើងចាស់ កែ ឡេង កីឡាការិនី ឃួន យ៉ារី កីឡាការិនី ស្រ៊ាងសុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា មាន ដឹកនាំដោយលោកសុខ ម៉ុង គ្រូបង្វឹក។
សម្រាប់ការប្រកួតនេះកីឡាករសុខចាន់មានដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ។ កីឡាករឃួន លីហ៊រ មេដាយប្រាក់លើវិញ្ញាសាវាយយកពិន្ទុ និងកីឡាការិនី កែឡេងមេដាយសំរឹទ្ធិលើវិញ្ញាសាវាយយកពិន្ទុ។ ចំពោះវិញ្ញាសា ៣នាក់ទល់៣នាក់ ក្រុមកីឡាករ និងកីឡាការិនីកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធិ រីឯក្រុមយុវជនវ័យកម្ពុជាដណ្ដើមបានមេដាយប្រាក់។
គួរបញ្ជាក់ថា ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី១៦ ដល់១៩ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងNay Phi Taw ប្រទេសមីយ៉ាន់ម៉ា៕ សារីម