ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មានប្រកាសឲ្យផ្អាកការផ្សាយពាណិជ្ជកម្មផលិតផលកាហ្វេរបស់ក្រុមហ៊ុនស៊ីនវេងយូ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មានកាលពីថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០១៦ បានចេញសេចក្តី ជូនដំណឹងមួយផ្ញើទៅកាន់ចាងហ្វាងកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ និងម្ចាស់ ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ឲ្យផ្អាកជា បណ្តោះអាសន្ន ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលកាហ្វេរបស់ក្រុមហ៊ុនស៊ីន វេងយូ ។

ការផ្អាកនេះត្រូវក្រសួងលើកឡើងថា ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនស៊ីនវេងយូ មានលក្ខណៈអូសទាញ បំភាន់ ឬពង្វាង ការពិតធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ ច្រឡំ ដើម្បីបោកបញ្ឆោតមហាជនឲ្យគាំទ្រ និងប្រើប្រាស់ផលិតផលទំនិញរបស់ខ្លួនតាមបណ្តាញផ្សព្វផ្សាយនានាដោយអួតអាងថា មានតែផលិតផលកាហ្វេរបស់ខ្លួនតែមួយគត់ដែលមិនមានសារធាតុគីមី រីឯកាហ្វេផ្សេងទៀត ដូចជាកាហ្វេរតនគិរី ស្ទឹងត្រែង អង្គរវត្ត គឺសុទ្ធតែជាកាហ្វេគីមី ។

ក្រសួងព័ត៌មានចាត់ទុកថា ការផ្សាយស្ប៉តពាណិជ្ជកកម្មខាងលើនេះ គឺជាសកម្មភាពល្មើសច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមធម៌ នៃការធ្វើពាណិជ្ជកកម្ម និងធ្វើឲ្យបរិយាកាសប្រកួតប្រជែងមានភាពច្របូកច្របល់ បាត់សណ្តាប់ធ្នាប់ មិនអាចគ្រប់គ្រងបាន ជាពិសេសលើវិស័យធុរកិច្ច និងវិនិយោគ ដូចគ្នារបស់ក្រុមហ៊ុនជាតិ និងក្រុមហ៊ុន អន្តរជាតិល្បីៗ ដែលកំពុងធ្វើការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងព័ត៌មានបញ្ជាក់ថា ការផ្អាកជា បណ្តោះអាសន្នការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលកាហ្វេរបស់ក្រុមហ៊ុនស៊ីនវេងយូ គឺដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចមាន ចំណាត់ការតាមនីតិវិធីច្បាប់ ៕ ហេង នរិន្ទ្រ

tes-2 tes-3

 


ចែករំលែក៖