ខេត្តក្រចេះ ៖ លំនៅឋានពលរដ្ឋខ្មែរ អ៊ិស្លាមជាង២០ខ្នងដែលសាងសង់នៅតាមបណ្តោយមាត់ទន្លេមេគង្គនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កំពុងស្ថិតក្នុងហានិភ័យនៃការបាក់ដួល រលំដោយសារការបាក់ស្រុតដីច្រាំងទន្លេមេគង្គ ។ ចំណែកអាជ្ញាធរស្រុក បានស្នើ ឱ្យពលរដ្ឋត្រូវរុះរើលំនៅឋានទៅរកកន្លែង មានសុវត្ថិភាព ។
ការស្នើឱ្យពលរដ្ឋរុះរើលំនៅឋានរក កន្លែងមានសុវត្ថិភាពរបស់អាជ្ញាធរស្រុក ឆ្លូងនេះនៅក្រោយពីផ្ទះពលរដ្ឋ១ខ្នង ក្នុង ចំណោមជាង២០ខ្នង បានបាក់ស្រុតចូល ក្នុងទន្លេ កាលពីថ្ងៃទី១៨ខែធ្នូ ហើយអាជ្ញាធរ បានអះអាងថា ការបាក់ស្រុតដីច្រាំងទន្លេនេះគឺជាគ្រោះធម្មជាតិ ។
អាជ្ញាធរស្រុកឆ្លូងបានឱ្យដឹងថា ក្រោយពីមានហេតុការណ៍បាក់ស្រុតដីច្រាំងទន្លេ បណ្តាលឱ្យផ្ទះពលរដ្ឋ១ខ្នងបាក់ស្រុតរួចមក អាជ្ញាធរបានចុះពិនិត្យមើលច្រាំងទន្លេនៅតំបន់នោះ ហើយបានស្នើឱ្យម្ចាស់លំនៅឋាន២៧ខ្នងផ្សេងទៀត កំពុងជួប ហានិភ័យបាក់ស្រុតដូចគ្នា ត្រូវប្រញាប់ រុះរើផ្ទះចេញទៅរកកន្លែងមានសុវតិ្ថភាព ដោយអាជ្ញាធរអះអាងថាច្រាំងទន្លេនៅតំបន់នោះអាចបាក់រាលដាលបន្តទៀតទៅផ្ទះ ពលរដ្ឋទាំងនោះ ។
ពលរដ្ឋខែ្មរអ៊ិស្លាម ដែលមានលំនៅឋាន តាមបណ្តោយមាត់ទន្លេ ហើយកំពុងប្រឈមនឹងការរុះរើចេញពីទីតាំងចាស់ ទៅរកកន្លែង មានសុវត្ថិភាពបាននិយាយថា ក្រោយពីបាក់ស្រុតដីច្រាំងទន្លេនេះរួចមកពួកគាត់មួយ ចំនួនបានរុះរើផ្ទះសម្បែង និងបានសុំផ្ទះ បងប្អូនក្បែរខាងដើម្បីស្នាក់នៅបណ្តោះ អាសន្ន ។
ប្រធានមន្ទីរធនធានទឹកខេត្តក្រចេះ លោក ហេង រ័ត្នម៉ូនីដា ដែលបានចុះពិនិត្យមើលការបាក់ស្រុតដីច្រាំងទន្លេ នៅព្រឹកថ្ងៃទី១៨ខែធ្នូ បាននិយាយថា ការបាក់ស្រុតដី ច្រាំងនេះ គឺជាគ្រោះធម្មជាតិ ព្រោះនៅតំបន់ដែលបងប្អូនខ្មែរអ៊ិស្លាមសាងសង់លំនៅ ឋាននេះ គឺចំខ្សែទឹកទន្លេហូរបុកខ្លាំងហើយដីនៅតំបន់នេះងាយនឹងបាក់ស្រុតនៅពេលដែលទឹកហូរមកដោយត្រូវប្រឈមនឹងការបាក់ស្រុតដីជារៀងរាល់ឆ្នាំ ៕ កោះទ្រុង