ភ្នំពេញ៖ ដោយសារតែមហិច្ឆតាលោភលន់មិនគិតពីទោសទណ្ឌ បុរសម្នាក់បានប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្តបានលុយជាង ៨ពាន់ដុល្លារ គេចខ្លួនជាច្រើនខែ ទីបំផុតរត់គេចមិនរួច ត្រូវជនរងគ្រោះតាមស្វែងរកឃើញចាប់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ លី ដា ហៅ ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ទិញអេតចាយ បច្ចុប្បន្ន រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ១១ និ២០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដោយយោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ហ៊ុយ សូយទ្រី ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ ហ៊ុយ សូយទ្រី ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ លី ដា បានមកទិញកង់រថយន្ត ចំនួន ៣៤ឈុត ដែលស្មើរ និងទឹកប្រាក់ ចំនួន ៨៨០០០ដុល្លារ ខណៈពេលនោះឈ្មោះ លី ដា បានប្រាប់ថា កង់រថយន្តទាំងនេះ គឺរូបគេ ទិញបន្តយកទៅអោយម៉ូយ ហើយនៅពេលបានលុយពីម៉ូយ រូបគេ នឹងយកមកប្រគល់ឲ្យរូបគាត់ ។ ប៉ុន្តែក្រោយពីទទួលទំនិញដល់ដៃហើយ ជនសង្ស័យបានគេចខ្លួនបាត់រហូត គឺមិនបានបង់ថ្លៃកង់រថយន្តអោយគាត់នោះទេ ។
ប្រភពព័ត៍មានដដែលប្រាប់បន្តថា ក្រោយពីកើតហេតុបែបនេះ រូបគាត់តែងតែព្យាយាមតេទូរស័ព្ទទៅរកជនសង្ស័យ ដើម្បីសួរនាំ ប៉ុន្តែទូរស័ព្ទទៅតេ មិនដែលចូលនោះទេ ជាហេតុធ្វើឲ្យពួកគាត់ខិតខំតាមស្រាវជ្រាវស្វែងរកជាច្រើនកន្លែង ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ ដោះស្រាយគ្នាតាមច្បាប់ ។ លុះរហូតមកដល់វេលាម៉ោង ប្រមាណ ១១ និ២០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្រាប់តែប្រទះឃើញជនសង្ស័យឈ្មោះ លី ដា ហៅ ដា នៅចំណុចភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រូបគាត់ ក៍ស្ទុះទៅចាប់ក្របួចជាប់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ ចាប់ការតាមនីតិវិធី ។
ដោយឡែកប្រភពព័ត៍មានពីសមត្ថកិច្ចយោងតាមចម្លើយពីជនសង្ស័យប្រាប់ថា រូបគេ ពិតជា បានមកទិញកង់រថយន្ត ចំនួន ៣៤ឈុត ស្មើរនិងទឹកប្រាក់ ចំនួន ៨៨០០០ដុល្លារ ពីជនរងគ្រោះពិតប្រាកដមែន ហើយចំនួនលុយនេះ រូបគេ ក៍ទទួលបានពីម៉ូយគ្រប់ចំនួនផងដែរ ប៉ុន្តែដោយសារមុខរបរ លក់ ទិញអេតចាយរបស់គេ មានការខាតបង់ ទើបទឹកប្រាក់ ចំនួន ៨៨០០០ដុល្លារ នោះ រូបគេ មិនទាន់បានសងទៅជនរងគ្រោះ ជាហេតុធ្វើឲ្យជនរងគ្រោះចាប់ឃាត់ខ្លួនរូបគេ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ តុង សីហា