ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះ រួមមានកងកម្លាំងកងរាជអាវុធហត្ថខេត្តជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរ ក៏ដូចជាក្រុមការងារ ស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលការងារផងដែរពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមត្រួតពិនិត្យនិងវាស់វែងឈើនៅក្នុងឃ្លាំងយ៉ាងតិចមានចំនួន៨ទីតាំងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។
ទីតាំងស្តុកឈើដ៏ធំខាងលើនេះ ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានគេដឹងថា ជាឃ្លាំងរបស់ឈ្មោះ ជឿង ថេង ដែលសមត្ថកិច្ចបានចុះឆែកឆេរកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ក្នុងនោះជាបឋមសមត្ថកិច្ចបានរកឃើញទីតាំងលាក់ឈើ៩កន្លែងនៅក្នុងឃ្លាំងដ៏ធំនេះ ដោយឈ្មួញប្រើរូបភាពដាក់នៅក្នុងឃ្លាំង នៅក្នុងរោង ទីវាល កន្លែងខ្លះយកឈើប្រណីតដាក់ខាងក្រោម លើកអុសដាក់គរពីលើ និងស្តុកនៅក្នុងរថយន្តកូរ៉េ រថយន្តឃ្លប់បិទស្លាកយីហោផលិតផលភេសជ្ជៈកូរ៉េ និងដាក់នៅក្នុងស្រះទឹកជាដើម ។
គួររំលឹកថា មេឈ្មួញឈ្មោះ ជឿង ថេង នេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានប្រើរថយន្តយីឌុប១គ្រឿង ដឹកឈើប្រភេទរាជកុល (ម្រិញ) ចំនួន៣៨ម៉េត្រគូប និង៧៧៣ថ្លាន មកដល់ចំណុចស្ពានតា ណី ស្ថិតនៅក្នុងភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យបាក់ស្ពានដែក ដោយសារតែការផ្ទុកលើសទម្ងន់ និងគឃ្លើននឹងផ្លូវច្បាប់ ដឹកឈើល្មើសច្បាប់ បានធ្វើឲ្យបទល្មើសមួយនេះ ល្បីកក្រើករងការរិះគន់ពីមហាជនទូទាំងប្រទេស ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានបើកការស៊ើបអង្កេត លុះដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ជឿង ថេង បញ្ជូនមកអយ្យការ ហើយធ្វើសេចក្តីសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរតាមដីការ២២២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ពីបទប្រើប្រាស់យានយន្តដឹកជញ្ជូនទំនិញ ដែលផ្ទុកលើសទម្ងន់ធ្វើឲ្យបាក់ស្ពាន តាមប្បញត្តិមាត្រា៦០ មាត្រា៧៥ នៃច្បាប់ស្តីពីផ្លូវថ្នល់ ទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ បានឃុំខ្លួនតាមនីតិវិធី ។ រីឯសំណុំរឿងមួយទៀត ដែលនៅរដ្ឋបាលព្រៃឈើ ឈ្មោះ ជឿង ថេង បានយល់ព្រមបង់ពិន័យអន្តរការណ៍ទៅតាមគោលការណ៍រដ្ឋកំណត់ ។ សំណងថ្លៃស្ពានបាក់ចំនួន២០០លានរៀល និងបង់ប្រាក់ពិន័យចំនួន២២២.២២០.០០០រៀល ទើបនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ តុលាការបានអនុញ្ញាតឲ្យ ជឿង ថេង បាននៅក្រៅឃុំបណ្តោះអាសន្ន ។
បើទោះជាឈ្មួញមួយនេះបានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូន កាប់បំផ្លាញព្រៃឈើ ក៏ដូចជាប្រមូលទិញឈើល្មើសច្បាប់នៅក្នុងតំបន់ព្រៃហាមឃាត់ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុងនោះយ៉ាងណាក៏ដោយ ឈ្មួញរូបនេះនៅតែបន្តសកម្មភាព ដឹកជញ្ជូនឈើល្មើសច្បាប់ និងមានទ្រង់ទ្រាយធំជាងមុន គ្រាន់តែ បង្កើតទីតាំងធ្វើអាជីវកម្មប្តូរប្រាក់វីងនៅខាងមុខ ដោយឡែកទីតាំងនៅខាងក្នុង ដែលមានទំហំដីជិត២ហិកតា សុទ្ធតែជាកន្លែងយុទ្ធសាស្ត្ររក្សាទុកឈើល្មើសច្បាប់ ដែលគេទទួលស្គាល់ថា ឈ្មួញ ជឿង ថេង គឺជាអ្នករកស៊ីឈើល្មើសច្បាប់ទ្រង់ទ្រាយធំ ប្រចាំស្រុកឱរ៉ាល់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ៕ សុខ ខេមរា