ភ្នំពេញ៖ តារាសំដែងភេទទីបីកញ្ញា ប៉ុប ពី បើករថយន្ដទាំងស្ថានភាពស្រវឹងបើកក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់ខ្ទាតចេញពីគ្នាប្រហែលជិត២០ម៉ែត្រ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង០០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេហ៍រុ) កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2Y-5841 បើកបរដោយតារាសំដែងកញ្ញា ប៉ុប ពី ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេហ៍រុ) ទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុ បានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយរបាំងថ្មចំនួនមួយកង់ខ្ទាតចេញពីគ្នាប្រហែល២០ម៉ែត្រ និងមួយកង់ទៀតខូចខាតបន្តិចបន្ទួច ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច ហើយក្នុងហេតុនេះដែរគឺមិនបណ្ដាលអោយមានអ្នករបួសនោះទេ។
ក្រោយពីបង្កហេតុតារាសំដែង កញ្ញា ប៉ុប ពី បានចុះពីរថយន្ដ បានត្រឺមឈរសើចនិងចុចទូរស័ព្ទប៉ុណ្ណោះ ដោយមិនបាននិយាយអ្វីទាំងអស់។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កព្រមទាំងអ្នកបើករថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ ស រស្មី