ខេត្តសៀមរាប៖ លោកព្រឹទ្ធាចារ្យយិត សារិត ហៅលោកគ្រូសាស្ត្រាចារ្យ ផ្នែកល្ខោនខោល ដែលកំពុងតែមានជំងឺធ្ងន់ធ្ងរទទួលបានអំណោយពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ផ្តល់ថវិកា៥ពាន់ដុល្លារអាមេរិក ។ ការប្រគល់អំណោយជាថវិកា និងសម្ភារៈនេះ ត្រូវបានធ្វើឡើងក្រោយពីលោកព្រឹទ្ធាចារ្យត្រូវចេញដំណើរទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ ។
យោងតាមគេហទំព័រផ្លូវការរបស់កាកបាទក្រហមខេត្តសៀមរាប បានបញ្ជាក់ថា «ដោយសន្តានចិត្តអាណិតអាសូរចំពោះវីរៈសិល្បៈករជើងចាស់លោកតាព្រឹទ្ធាចារ្យយិតសារិន (ហៅសឬស្វាស) ដែលកំពុងមានជំងឺរលាកថ្លើមធ្ងន់ធ្ងរនោះនៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦នេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឱ្យក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកថវិកាចំនួន៥,០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ប្រគល់ជូនផ្ទាល់ដៃលោកតាព្រឹទ្ធាចារ្យ និងលោកសារិនវឌ្ឍនៈជាកូនប្រុសបង្កើតនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ខណៈពេលកំពុងធ្វើដំណើរពីភ្នំពេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យសុរិន្ទប្រទេសថៃ។សូមបញ្ជាក់ថាកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦កន្លងទៅកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកា៥លានរៀលជូនលោកតាព្រឹទ្ធាចារ្យយិតសារិនម្តងរួចមកហើយ» ។
ក្រៅពីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនគេក៏សង្កេតឃើញមានសិល្បករមួយចំនួនបានធ្វើការរៃអង្គាសថវិកាមួយចំនួន ជូនដល់លោកព្រឹទ្ធាចារ្យយិត សារិនផងដែរមានដូចជាតារាសម្តែងអ្នកនាងសារ៉ាយសក្ខណាកញ្ញាសូរ្យអេណាលោក សាវិន ហ្វីលីព អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ក្រុមយុវជនព្រះសុរិយា និងតារាមួយចំនួនទៀត ។
គួរបញ្ជាក់ដែរថាបន្ទាប់ពីធ្លាក់ខ្លួនឈឺហើយចំណាយពេលព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកអស់រយៈពេលជាច្រើនថ្ងៃហើយអាការៈជំងឺហាក់នៅតែមិនធូរស្រាលនោះពេលនេះព្រឹទ្ធាចារ្យត្រូវបានក្រុមគ្រួសារបញ្ជូនតាមរថយន្តទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ ។ កូនប្រុលពៅលោកព្រឹទ្ធាចារ្យយិតសារិនគឺយុវជនសារិនវឌ្ឍនៈបានថ្លែងថាក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីសប្តាហ៍មុនមកក្រុមគ្រូពេទ្យបញ្ជាក់ថាឪពុកខ្លួនមានជំងឺរលាកថ្លើមនិងជំងឺសួតដែលធ្វើឲ្យលោកព្រឹទ្ធាចារ្យមានការឈឺចុកចាប់ខ្លាំងនៅពេលយប់ត្រង់បរិវេនពោះនិងទ្រូងហើយឪពុករបស់លោកទទួលទានបានត្រឹមតែទឹកបបរនិងភេសជ្ជៈខ្លះៗប៉ុណ្ណោះ។
លោកតាព្រឹទ្ធាចារ្យយិត សារិន (ហៅសឬស្វាស) មានអាយុ៩២ឆ្នាំជាគ្រូសិល្បៈផ្នែកល្ខោនខោលដែលបានលះបង់កម្លាំងកាយ-ចិត្តផ្តល់ចំណេះដឹងសិល្បៈផ្នែកល្ខោនខោលជូនដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ។បន្ថែមពីនេះលោកតាព្រឹទ្ធាចារ្យមានឯកទេសសំដែងតួ“ស្វា”ធ្លាប់រាំសំដែងនៅក្នុងព្រះបរមរាជវាំងនាសម័យសង្គមរាស្ត្រនិយមក្នុងរជ្ជកាលព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមៈនារីរ័ត្នសិរីវឌ្ឍនាហើយក៏ជាអតីតគ្រូបង្ហាត់សិល្បៈផ្នែកល្ខោនខោលនៅក្នុងព្រះបរមរាជវាំងនិងសាលាមធ្យមវិចិត្រសិល្បៈទៀតផង ៕ វឌ្ឍនា