ភ្នំពេញ៖ ជនជាតិសាំងហ្គាពួរ ប្រុស ស្រី៤នាក់ បានដើរចេញពីសណ្ឋាគារទៅរកញាំអាហារ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ទុលមុខនឹងផ្ទះសំណាក់ លីឡាង ផ្លូវ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនបានអោយដឹងឈ្មោះឡើយ ហើយកាបូបដែលជនសង្ស័យឆក់យកទៅ មានទូរស័ព្ទម៉ាក អាយហ្វូន៦ លុយដុល្លារអាមេរិក និងលុយសាំងហ្គាពួរមួយចំនួន ព្រមទាំងសំភារៈនិងឯកសារមួយចំនួន ។
តាមសម្ដីអ្នកបកប្រែ ឲ្យជនរងគ្រោះបានអោយដឹងថា ពួកគេមានគ្នា៤នាក់ ប្រុស២នាក់ និងស្រី២នាក់ បានដើរចេញពីសណ្ឋាគារកូឡាបស គោលបំណងទៅរកញ៉ាំអាហារនៅម្តុំ កើតហេតុខាងលើ ដោយបានធ្វើដំណើរតាមផ្លូវ ៣១០ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់មុខផ្ទះសំណាក់ លីឡាង ក៏ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាក សង់ប៊ិច ពណ៌ខ្មៅមិនចាំស្លាកលេខ បានធ្វើដំណើរមកពីក្រោយ រួចអ្នកអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីម្នាក់ក្នុងចំណោម៤នាក់ បានសំរេច រួចពួកជនសង្ស័យបានបន្ថែមល្បឿនជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចហើយបានសាកសួរ ពេលនោះជនរងគ្រោះបានប្រាប់បង្ហាញថា ក្នុងទូរសព្ទរបស់គាត់ដែលជនសង្ស័យឆក់ទៅ គឺមានប្រព័ន្ធ GPS ពេលខាងសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនង់ទៅខាងជំនាញផ្នែកព្រហ្មទណ្ឌអោយចុះមកមើលប្រពន័្ធGPSដឹងច្បាស់ថា នៅគោលដៅណាហើយ រួចហើយបានដេញអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ចំណែកពួកគាត់ថាទៅរកទូរស័ព្ទអោយវិញ ពេលនោះសមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានជិះម៉ូតូចេញទៅថា រកទូរស័ព្ទអោយជនរងគ្រោះវិញ តែជិះម៉ូតូមិនបាន១០០ម៉ែត្រផង ក៏នាំគ្នាបត់ត្រឡប់ក្រោយវិញអស់ ដូចជាមិនខ្ចីខ្វល់រឿងអ្វីកើតឡើងអីចឹង ៕ ភារ៉ា ដង្កោ