ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះរកឃើញ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ដែលឈ្មួញលាក់ទុកនៅក្នុងប្រហោងឈើហ៊ុប ទម្ងន់ប្រមាណជាង ១តោន ។ សមត្ថកិច្ចបានថ្លឹង វត្ថុតាងទាំងនោះ រួមមាន ភ្លុកដំរី ទម្ងន់ ជាង ១តោន ស្មើរជាង ៦០០ដុំ ឆ្អឹងខ្លា ទម្ងន់ ជាង ៤០គីឡូក្រាម ស្រការពង្រួល ទម្ងន់ ជាង ១០០គីឡូក្រាម និងកន្ទុយដំរី ទម្ងន់ ជាង ៤គីឡូក្រាម ។
វត្ថុតាងទាំងនេះ គឺទើបតែគាស់ និងឆ្កិះចេញ ពីឈើហ៊ុប ចំនួន ២ដុំប៉ុណ្ណោះ ដូច្នេះនៅសល់ ឈើហ៊ុប ១ដុំទៀត មិនបានថ្លឹងនៅឡើយទេ ។ កិច្ចការ ទាំងនេះ នឹងបន្តសកម្មភាពទៀតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចង់ដឹងទម្ងន់ពិតប្រាកដ នៃវត្ថុតាង ទាំងអស់ ។
សូមបញ្ជាក់ថា សមត្ថកិច្ចចម្រុះ បានបង្ក្រាប ភ្លុកដំរីឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុប បំរ៉ុងនាំចេញទៅកាន់ប្រទេសចិន ប្រមាណ ៣ដុំ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងចំណុច ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ករណីនេះ គឺខាងកម្លាំងគយ ជាអ្នកម្ចាស់ករណី ដោយមានការសហការណ៍ពីកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយ អេត តំណាងស្ថានទូតអាមេរិកកាំង កម្លាំងកាំកុងត្រូល អាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបាន ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបំរ៉ុងនាំទៅកាន់ប្រទេសចិន ប្រមាណ ៣ដុំ ។
ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរីទាំងនេះ ត្រូវបានជនល្មើស លួចបង្កប់នៅក្នុងឈើហ៊ុប ចំនួន៣ដុំ ដោយឈើហ៊ុប នីមួយៗ ដែលបង្កប់វត្ថុតាងទាំងនេះ មានមុខកាត់ កន្លះម៉ែត្រ បួនជ្រុង និងមានប្រវែងពី ២ ម៉ែត្រ ទៅ៣ម៉ែត្រ ។ ភ្លុកដំរី ឆ្អឹងខ្លាស្រការពង្រួល និងកន្ទុយដំរី ត្រូវបានឈ្មួញចុះរន្ធឈើចំពាក់កណ្តាលបង្កប់នៅក្នុងនោះ ដោយមានចាក់ទៀនផ្សារភ្ជាប់ ដែលមានសណ្ថានដូចក្តារម្ឈូស ៕