ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ស្នើឲ្យធនាគារ អភិវឌ្ឍន៍ ឥស្លាម IDB បន្ដសកម្មភាពមនុុស្សធម៏ ផ្ដល់ អាហារូបករណ៍ ដល់សិស្ស និស្សិត ទៅបន្ដការសិក្សានៅមហាវិទ្យាល័យ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រធាន អង្គការដៃគូធនាគារអភិវឌ្ឍន៍ឥស្លាម ប្រចាំកម្ពុជា (IDB CPO) បានស្នើទៅធនាគារអភិវឌ្ឍន៍ឥស្លាម (IDB) បន្ដសកម្មភាពមនុុស្សធម៏ ផ្ដល់ អាហារូបករណ៍ ដល់សិស្ស និស្សិត ឥស្លាម ទៅបន្ដការសិក្សា នៅមហាវិទ្យាល័យ ដើម្បីលើក កម្ពស់ គុណភាពធនធាន មនុស្ស នៅសហគមន៍ ឲ្យស្របតាម គោលនយោបាយ របស់រាជ រដ្ឋាភិ បាល ។ លោកអូស្មាន ហាស្សាន់បានស្នើសុំបែបនេះ ខណៈលោកទទួលជួប ពិភាក្សា ការងារ ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ឥស្លាម IDBដឹកនាំដោយលោក Adel Abdulwahab Sindi ប្រធាននាយកដ្ឋានអាហារូបករណ៍របស់ធនាគារ IDB នៅថ្ងៃទី ២១ ធ្នូ ឆ្នាំ២០១៦ នៅស្នាក់ការអង្គការ មូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ ជំនួបពិភាក្សា នេះ គឺ បានផ្តោតសំខាន់អំពីដំណើរការនៃការផ្តល់អាហាររូបករណ៍នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ ឆ្នាំ២០១៦ នេះ និស្សិតខ្មែរឥស្លាមចំនួន ៨៨ នាក់ ហើយ ដែល បានទទួលអាហារូបករណ៍ពី IDB ដើម្បីបន្តការសិក្សាទាំងក្នុង និង ក្រៅប្រទេស។ ក្នុងនោះ និស្សិតចំនួន ៧៧ នាក់ បានបញ្ចប់ការសិក្សារបស់ខ្លួន ហើយបានក្លាយជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាល ជា វេជ្ជបណ្ឌិត ជាវិស្វករ និង អ្នក បច្ចេកទេសផ្សេងៗ។ ជាមួយគ្នានេះផងដែរ កម្ពុជា ក៏បានបង្កើត មូលនិធិទំនុកចិត្តមួយ ដើម្បីទទួលការបង្វិលប្រាក់កម្ចីពីនិស្សិតបញ្ចប់ការសិក្សាក្រោមអាហាររូបករណ៍ IDB ដើម្បីបន្តជួយផ្តល់អារូបករណ៍ ដល់និស្សិតជំនាន់ក្រោយទៀត ។ បច្ចុប្បន្ន មូលនិធិ នេះ អាចទ្រទ្រង់ការផ្តល់អាហារូបករណ៍ដល់និសិ្សតថ្មី សិក្សាក្នុងស្រុក បានចំនួន ២ នាក់ ជារៀងរាល់ឆ្នាំ។

ពាក់ព័ន្ធទៅនឹងការផ្តល់ អាហារូបករណ៍នេះ លោក Adel Abdulwahab Sindi ក៏បាន បញ្ជាក់ថា៖ IDB បានផ្តល់ជូនកម្ពុជា ជាង ១,៥ លានដុល្លារ សហរដ្ឋអាមេរិក រួចមកហើយ។ សម្រាប់ការផ្តល់អាហារូបករណ៍របស់ IDB នៅទូទាំងពិភពលោក គឺទទួល បានលទ្ធផលល្អ ចំនួន ៣ សំខាន់ គឺ ទី១ និស្សិតដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អៗ រហូតដល់មានក្នុងជួររដ្ឋាភិបាលទៀតផង ដូចជានៅកម្ពុជាជាដើម។ ទី២ គឺពួកគាត់ បានបង្វិលប្រាក់កម្ចីទាំងអស់ មកកាន់ធនាគារវិញជាបណ្តើរៗ រហូតដល់អ្នកខ្លះ បានសងមកវិញលើសពីអ្វីដែលបានចំណាយក្នុងការសិក្សារបស់ខ្លួនថែមទៀតផង។ និង ទី៣ ពួកគាត់បានចូលរួមអភិវឌ្ឍន៍សហគមន៍រៀងៗខ្លួន ដែលនេះគឺស្របទៅនឹងការចង់បានធំបំផុតរបស់ IDB។

លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីគម្រោងបង្កើតមហាវិទ្យាល័យឥស្លាម ដើម្បីស្នើដល់ IDB សហការលើការសាងសង់ ដែលភាគីធនាគាបានចាប់អារម្មណ៍ចំនុចនេះ ដោយបានបញ្ជាក់ថា ភាគីកម្ពុជា ត្រូវមានគម្រោងច្បាស់លាស់ និង ត្រូវមានដីស្រាប់ ដែលនៅមិនឆ្ងាយពីជាយក្រុង ហើយក៏ត្រូវសិក្សាលម្អិត ពីដំណើរការនៃការគ្រប់គ្រងមហាវិទ្យាល័យនេះ ដោយត្រូវប្រឹក្សា ជាមួយអង្គការ និង ប្រទេសផ្សេងៗ ដែលមានការជោគជ័យក្នុងវិស័យនេះជាគម្រូ ដូចជាម៉ាឡេស៊ីជាដើម៕ សំរិត

image4 image3 image2 image1 image5


ចែករំលែក៖