ព័ត៌មានទាន់ហេតុការណ៍៖

រោងភាពយន្តលេជេន នឹងប្រារព្ធពិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានខ្សែភាពយន្តខ្មែរល្បីឈ្មោះ ដែលរកប្រាក់ចំណូលខ្ពស់ប្រចាំរោងភាពយន្តលេជេន(Legend)ចំនួន៧រឿង មកពីផលិតកម្មផ្សេងៗពីគ្នា បានដាក់ឲ្យធ្វើការបោះឆ្នោត និងជ្រើសរើសឲ្យចូលរួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies of The Years 2016)។

ព្រឹត្តិការណ៍ដ៏ធំ និងលើកដំបូងគេនៅកម្ពុជានេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅរោងភាពយន្តលេជេនសាខាទួលគោក ប្រយោជន៍ជួយដល់ការគាំទ្រនិងលើកកម្ពស់វិស័យខ្សែភាពយន្តនៅកម្ពុជា ។

កញ្ញាគុយ កែវមរកត បុគ្គលិកប្រតិបត្តិផ្នែកទីផ្សាររបស់រោងភាពយន្តលេជេនបានបញ្ជាក់ថា កម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៦ នឹងត្រូវប្រារព្ធឡើងនៅចុងខែនេះ នៅរោងភាពយន្តលេជេនសាខាទួលគោកក្នុងបរិវេណផ្សារទំនើប TK Avenue ចាប់ពីម៉ោង៤និង៣០នាទីរសៀលតទៅ ដែលនឹងមានអ្នកចូលរួមពីសំណាក់សិល្បករផលិតករប្រមាណ២០០ទៅ៣០០នាក់ ។

កញ្ញាបន្តថា កម្មវិធីនេះក្នុងគោលបំណងជួយជំរុញលើកកម្ពស់ការផ្សព្វផ្សាយវិស័យខ្សែភាពយន្តនៅកម្ពុជា និងបង្កើតបរិយាកាសទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធនឹងវិស័យភាពយន្តនៅកម្ពុជា។ កញ្ញាថា ក្រុមហ៊ុននឹងផលិតកម្មចំនួន៨នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្រោយពីខ្សែភាពយន្តរបស់ពួកគេបានក្លាយជាខ្សែភាពយន្តដ៏ល្បី ពេញនិយមនិងបានរកប្រាក់ចំណូលខ្ពស់សម្រាប់ឆ្នាំនេះ មានដូចជាក្រុមហ៊ុនWML , Sabay MVP, ផលិតកម្មRED PICTURE , ផលិតកម្មLD Picture ផលិតកម្មមហាហង្ស, ផលិតកម្មRock, ផលិតកម្មឥន្ទ្រានិម្មិតជាដើម។

កញ្ញាបញ្ជាក់ដែរថា ផលិតករ និងក្រុមហ៊ុនទាំងអស់នឹងមានឱកាសបង្ហាញគម្រោងការងារផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗរបស់ពួកគេនាពេលអនាគតក្នុងឱកាសនេះផងដែរ។ កញ្ញាថាផលិតករនិងក្រុមហ៊ុនទាំងនេះនឹងទទួលបាននូវលិខិតសរសើរហើយសម្រាប់ខ្សែភាពយន្តដែលទទួលបានការបោះឆ្នោតគាំទ្រពីសំណាក់អ្នកគាំទ្រច្រើនជាងគេកន្លងមក នឹងត្រូវបានយកមកចាក់បញ្ចាំងជូនអ្នកចូលរួមទស្សនានាឱកាសនោះផងដែរ ។ អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីខាងលើនេះគឺមានការចូលរួមច្រៀង និងរាំពីតារាចម្រៀងដ៏ល្បីពីផលិតកម្មរស្មីហង្សមាស លោកឆន សុវណ្ណរាជ និងក្រុមរាំអូ អឹម ជី(OMG)ផងដែរ។

កញ្ញារំពឹងដែរថា ព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជានេះ នឹងបានចូលរួចចំណែកលើកស្ទួយវិស័យខ្សែភាពយន្តនៅកម្ពុជា ហើយរោងភាពយន្តលេជេនសង្ឃឹមថា នឹងព្យាយាមពង្រីកកម្មវិធីនេះឲ្យកាន់តែធំសម្រាប់ឆ្នាំក្រោយៗទៀត។

គួរបញ្ជាក់ដែរថាក្រុមហ៊ុននិងផលិតកម្មចំនួន៨នឹងដាក់បង្ហាញស្នាដៃផលិតក្នុងស្រុក និងខ្សែភាពយន្តនាំចូលសរុបចំនួន១១រឿង ដែលទទួលបានការគាំទ្រច្រើនមានដូចជាខ្សែភាពយន្តរឿង “អ្នកនាងម្ចាស់ឡឺកឺ” របស់ផលិតកម្មមហាហង្ស, ខ្សែភាពយន្តរឿងចន្ទ្រារបស់ផលិតកម្មអង្គរភីឈ័រ, ខ្សែភាពយន្តរឿង “សិស្សប្អូនសំណព្វចិត្ត” របស់ផលិតកម្មរ៉ក (Rock) , ខ្សែភាពយន្តរឿង កំពូលអ្នកសុំទានជួបស្នេហ៍ របស់ផលិតកម្មអិលឌី (LD Picture), ខ្សែភាពយន្តរឿងទង់ព្រលឹងរបស់ផលិតកម្មរ៉េដ (RED Picture) , ខ្សែភាពយន្តរឿង កំណត់ហេតុនាងនាថ របស់ផលិតកម្មឥន្ទ្រានិម្មិត, ខ្សែភាពយន្តរឿង Joking Jazz 4G, “Captain America”, “The Conjuring 2”របស់ក្រុមហ៊ុនវេសស្តេក(WML) ,ខ្សែភាពយន្តរឿង ប៉ុបពីទៅហូលីវូដ, រឿង Fast 888 របស់ក្រុមហ៊ុនសប្បាយ(Sabay MVP)ជាដើម ៕ វឌ្ឍនា

 

de ds s


ចែករំលែក៖