ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចគោក្នុង ភូមិលើកទី១បានសម្រេច ហើយទៅលួចជាលើកទី ២ ត្រូវប្រជាពលរដ្ឋឃើញទាន់ ប្ដឹងឲ្យជួយអន្តរាគមន៍។ ហេតុការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១០ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២ ០១៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងក្រុម ១៩ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បាក់ខែងបានឲ្យដឹងថា ជនសង្ស័យលួចគោខាងលើមានឈ្មោះហ៊ល ហ៉ីម អាយុ៤៨ឆ្នាំ មុខរបរធ្វើចំការ ស្នាក់នៅ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ចំណែកឯជនរងគ្រោះជាម្ចាស់គោទី១-ឈ្មោះអ៉ី ស៉ីផេន ភេទប្រុស អាយុ៦៤ឆ្នាំ ទី២-ឈ្មោះឌាង ដែន ភេទប្រុស ជនរងគ្រោះ ទាំង២នាក់មានមុខរបរជាអ្នកធ្វើចំការ ស្នាក់នៅ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោក មាស ថន បានឲ្យដឹងថា ក្រោយពេលទទួលបាន សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីចោរលួចគោរបស់គេ ដែលចងចោលឲ្យស៉ីស្មៅក្នុងចំការ១ក្បាល ហើយបានបណ្ដើរ ចេញត្រៀមយកទៅលក់នៅកុងស៉ីកាប់គោ ភ្លាមនោះកម្លាំងនគរបាលមូលដ្ឋានបានចេញអន្តរាគមន៍ ដេញតាមរហូត ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាចោរបានភ្លាៗតែម្ដង ។
ក្រោយឃាត់ខ្លួនសួរនាំជនសង្ស័យបានឆ្លើយសារភាពថា នេះជាលើកទី២ហើយ កាលពីថ្ងៃទី ១៣ធ្នូ រយះពេល៨ថ្ងៃមុននេះ ជនសង្ស័យធ្វើសកម្មភាពលួចគោរបស់គេ១ក្បាលផងដែរ ដោយយកទៅលក់បាន សម្រេច រហូតមកដល់ព្រឹកថ្ងៃទី២១ធ្នូនេះ ទើបជនសង្ស័យ បានធ្វើសកម្មភាពលួចជាថ្មីម្ដងទៀតស្រាប់ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ហើយក៍ប្ដឹងមកកម្លាំងនគរបាលប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វា ឲ្យជួយអន្តរាគមន៍ដេញឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕ ជ្រោយពេជ្រ