ព័ត៌មានទាន់ហេតុការណ៍៖

ចំណាយថវិកា៥០-៦០មុឺនដុល្លាររៀបចំពិធីបុណ្យសមុទ្រថ្ងៃទី២៣-២៥ ខែធ្នូនេះ

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជានឹងត្រូវចំណាយប្រាក់ ចន្លោះពី៥០ទៅ៦០ម៉ឺនដុល្លារ សម្រាប់រៀបចំពិធីបុណ្យសមុទ្រពីថ្ងៃទី២៣ដល់២៥ ខែធ្នូនេះ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅ រសៀលថ្ងៃទី២១ ខែធ្នូថា រដ្ឋាភិបាល នឹង ចំណាយប្រាក់ប្រមាណ២០ម៉ឺនដុល្លារ និងមានការឧបត្ថម្ភពីដៃគូជាក្រុមហ៊ុនឯកជនមួយចំនួនទៀតដើម្បីរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះដែលទំហំថវិកាត្រូវចំណាយសរុបមានចន្លោះពី៥០ទៅ៦០ម៉ឺនដុល្លារអាមេរិក។

លោកបន្តថា ពិធីបុណ្យសមុទ្រឆ្នាំនេះ រំពឹងថានឹងមានប្រជាពលរដ្ឋចូលរួម ប្រមាណ ៥០ម៉ឺននាក់ ហើយឆ្នាំនេះជាឆ្នាំ ពិសេសដោយមានការអញ្ជើញចូលរួមពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជា ដូច្នេះលោករំពឹងថានឹងមានប្រជាពលរដ្ឋចូលរួមកម្សាន្តកាន់តែច្រើនថែមទៀត។

លោកបន្តថា “បុណ្យសមុទ្រឆ្នាំនេះ មានទំហំធំជាងឆ្នាំមុនៗដោយមានស្តង់ តាំងពិព័រណ៍ផលិតផលនិងម្ហូបអាហារចំនួនជាង៦០០ស្តង់ និងមានការចូលរួមសម្តែងសិល្បៈពីប្រទេសក្នុងតំបន់ដូចជា ថៃ វៀត ណាម ឥណ្ឌូនេស៊ី ចិន ឥណ្ឌា និងប្រទេស មួយចំនួនទៀត”។

លោកបន្តថា “ដោយសារចំនួនមនុស្ស ច្រើនបែបនេះលោកបានស្នើឲ្យប្រជាពលរដ្ឋក្នុងខេត្តចូលរួមផ្តល់កន្លែងស្នាក់នៅ ដល់ប្រជាពលរដ្ឋនិងមានតង់សម្រាប់ជួលផងដែរ”។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នា បានឲ្យដឹងថា ពិធីបុណ្យសមុទ្រឆ្នាំនេះពិតជាធំជាងមុន និងមានភាពស្រស់ស្អាតជាងមុនដោយសារមានការរៀបចំសួនច្បារនិងខ្លោងទ្វារចូលសមុទ្រសំខាន់ៗបានរៀបចំរួចហើយ។

លោកបន្តថា លោករំពឹងថាប្រជាពល រដ្ឋនឹងចូលរួមកម្សាន្តសប្បាយច្រើនជាងមុនព្រោះខេត្តបានរៀបចំជាពិសេសសម្រាប់ពិធីបុណ្យនេះ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ឲ្យដឹងដែរថាខេត្តព្រះសីហនុមានសណ្ឋាគារ ចំនួន៧៤ និងផ្ទះសំណាក់ចំនួន២៩៩ កន្លែងដែលមានបន្ទប់សរុបប្រមាណ៨.០០០បន្ទប់សម្រាប់ទទួលភ្ញៀវទេសចរស្នាក់នៅក្នុងតម្លៃសមរម្យ៕ សហការី

as-2


ចែករំលែក៖