ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោមបដិសេធការដោះដូរទីតាំងមន្ទីរស្ថាប័នរដ្ឋនៅខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបែកធ្លាយរឿងដ៏រសើបរបស់អភិបាលខេត្តព្រះសីហនុលោក យន្ត មីន មានបំណងស្នើប្ដូរទីតាំងស្ថាប័នរដ្ឋជាង៣០កន្លែងពីកណ្ដាលក្រុងទៅកាន់ជាយ ក្រុងព្រះសីហនុវិញនោះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាដាច់ណាត់ មិនឲ្យមានការដោះដូរទីតាំងមន្ទីរស្ថាប័ន រដ្ឋ។ នេះជាការបញ្ជាក់ភ្លាមៗពីអ្នកនាំពាក្យ ក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដល់បណ្តាញព័ត៌មានកាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បាន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសជា ដាច់ខាតក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យមានការដោះដូរទីតាំងស្ថាប័នរបស់រដ្ឋណាមួយនោះទេ សូមមន្រ្តីរាជការនិងប្រជា ពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន»។

គួរបញ្ជាក់ថា យោងតាមកំណត់ហេតុ មួយច្បាប់ស្ដីពីកិច្ចប្រជុំរបស់ក្រុមការងារចុះពិនិត្យសិក្សា និងធ្វើរបាយកាណ៍ស្ដីពីការស្នើសុំដោះដូរទីតាំងដីរដ្ឋបាលមួយចំនួន ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះ សីហនុដើម្បីបង្កើតតំបន់រដ្ឋបាលប្រមូលផ្ដុំ ត្រូវបានអភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានស្នើទៅកាន់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃសុំការសម្រេចដើម្បីផ្លាស់ប្ដូរតំបន់រដ្ឋបាល ទៅកាន់ទីតាំងដីថ្មីមានទំហំ២៥ហិកតា ស្ថិត នៅជាយក្រុងព្រះសីហនុ ។

អ្វីដែលធ្វើឲ្យចាប់អារម្មណ៍នោះការស្នើសុំដោះដូរទៅតាំងដីរដ្ឋបាលរបស់អភិ បាលខេត្តព្រះសីហនុលោក យន្ត មីន ខាង លើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និង ស្រឡាំងកាំងពីសំណាក់ម្ចាស់ទីតាំងរដ្ឋ បាលមួយចំនួនដោយសារតែពួកគេមិនបាន ដឹងទាល់តែសោះ។

ដោយក្តីបារម្ភ ពីការឃុបឃិតគ្នាដ៏ធំនេះ មន្ត្រីរាជការនិងប្រជាពលរដ្ឋស្នើសុំដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមេត្តាពិចារណា និងជួយអន្តរាគមន៍ជាបន្ទាន់ផង ពីព្រោះ ការសម្រេចរបស់អភិបាលខេត្ត និងមន្រ្តី ពាក់ព័ន្ធខ្លះនោះមិនបានបំពេញចិត្ត និង ទាញការគាំទ្រទាំងស្រុងពីសំណាក់ម្ចាស់ទីតាំងរដ្ឋបាលខ្លះទៀតនោះឡើយ ។

កំណត់ហេតុខាងលើបានបញ្ជាក់ថា ការ សម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុខាង លើនេះធ្វើឡើងតាមការស្នើសុំរបស់ក្រុមហ៊ុនពិភពអេស៊ា ត្រេឌីញ លើការវិនិយាគដី រដ្ឋបាលមួយចំនួនពីក្រុងឆ្ពោះទៅជាយក្រុង ដែលមានទំហំផ្ទៃដី២៥ហិកតា។

កំណត់ហេតុដដែលនេះបានបញ្ជាក់ យ៉ាងដូច្នេះថា ក្រុមហ៊ុនពិភពអេស៊ា ត្រេ ឌីញ ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្តី មេត្តាជួយអន្តរាគមន៍ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃដើម្បីឲ្យក្រុមហ៊ុនបានធ្វើការដោះដូរទីតាំងដីរដ្ឋបាលសាលាខេត្ត, កាកបាទក្រហម, ស្នងការនគរបាល, អធិ ការដ្ឋាននគរបាល, ការិយាល័យកណ្ដាល នគរបាលសណ្ដាប់ធ្លាប់សាធារណៈ, អធិ ការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ, រតនាគារ, បុរីកុមារ, អគារពន្ធដារថ្មី, សាលា ដំបូងខេត្ត, មន្ទីរពាណិជ្ជកម្ម, មន្ទីរទេស ចរណ៍, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរ ព័ត៌មាន, មន្ទីរប្រៃសណីយ៍ និងទូរគមនា គមន៍, គណៈកម្មការជាតិរៀបចំការបោះ ឆ្នោតខេត្ត, មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរបរិ ស្ថានចាស់, មន្ទីរផែនការ, មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដី, មន្ទីរបរិស្ថានថ្មី, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរកិច្ចការនារី, មន្ទីរធម្មការ និងសាសនា, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរ សាធារណការ និងដឹកជញ្ជូន, មន្ទីរសុខា ភិបាល, មន្ទីរអប់រំ យុវជន និងកីឡា, និង សាខាគយ និងរដ្ឋករខេត្ត ដែលមានទីតាំង ស្ថិតនៅភូមិ១, ភូមិ២, ភូមិ៣, ភូមិ៤, ភូមិ៥ ក្នុងសង្កាត់លេខ២, លេខ៣, លេខ៤ ក្រុង ព្រះសីហនុមានទំហំដីសរុប១៧៨,៧១១ ម៉ែត្រការ៉េ ប្ដូរទៅទីតាំងថ្មី ដែលមានផ្ទៃដី ទំហំ២៣៣,២០០ម៉ែត្រការ៉េ ស្ថិតនៅជាយ ក្រុងព្រះសីហនុ ។

ការស្នើសុំដោះដូរតំបន់រដ្ឋបាលពីទីរួមខេត្តទៅកន្លែងថ្មីខាងលើនេះគេនឹកឃើញភ្លាមនិងនៅចាំគ្រប់គ្នាថា សម្រាប់ខេត្ត សៀមរាបកាលលោក ស៊ូ ភិរិន្ទ ធ្វើជាអភិ បាលខេត្តក៏បានដូរសាលាខេត្តឆ្ពោះទៅ ជាយក្រុងដែលមានចម្ងាយជាង២០គីឡូម៉ែត្រដែរ ហើយបានធ្វើឲ្យក្រុមមន្ត្រីរាជការជាច្រើននាក់មិនពេញចិត្ត និងរិះគន់យ៉ាង ខ្លាំង ក៏ព្រោះតែចម្ងាយផ្លូវនៃការធ្វើដំណើររបស់ពួកគេ។ ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់បន្ទាប់ពីលោក ឃឹម ប៊ុនសុង ត្រូវបានតែងតាំងជាអភិបាលខេត្ត ហើយលោកសម្រេចយកមកដាក់នៅកណ្ដាលក្រុងវិញ ៕ ហេង សូរិយា

ses-1


ចែករំលែក៖