ភ្នំពេញ៖ ខ្សែភាពយន្តភាគល្បីឈ្មោះ របស់ថៃគឺរឿង”ចន្ទវង្វេងមេឃ” ឬរឿង “ផ្កាយព្រឹក” ដែលក្រុមផលិតករថៃបានយកមកផលិតជាថ្មីដោយឲ្យតារាសម្តែងខ្មែរជាអ្នកសម្តែងនៅតែបន្តការផលិតរបស់ខ្លួនជាធម្មតាបើទោះបីជាលេចចេញការរិះគន់ខ្លាំងក៏ដោយ។
អស់រយៈពេលជាងមួយខែពេញដែលខ្សែភាពយន្តខាងលើចាប់ផ្តើមផលិត។ តារាសម្តែងក្នុងខ្សែភាពយន្តនេះប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ខ្សែភាពយន្តនេះមិនបានផ្អាកការផលិតទេបើទោះបីជាកន្លងមកលេចចេញការរិះគន់ជាហូរហែមកក៏ដោយ។ ប្រភពបន្តថា ភាពយន្តនេះផលិតបានប្រមាណជាង២០ភាគរយហើយក្នុងគម្រោងប្រមាណ៥០ភាគ នោះ។ មានការលើកឡើងដែរថា តាម គម្រោងខ្សែភាពយន្តនេះនឹងបញ្ចប់ការ ផលិតរបស់ខ្លួនក្នុងអំឡុងខែមីនាឬមេសាឆ្នាំ២០១៧ ហើយគ្រោងនឹងចាក់បញ្ចាំង ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៧។
ថ្មីៗនេះមានពាក្យរិះគន់ជាច្រើនបានកើតមានឡើងជាបន្តបន្ទាប់ក្រោយពីផលិតករថៃប្រកាសយកខ្សែភាពយន្តភាគថៃដ៏ល្បីក្នុងទសវត្សទី៩០ខាងលើមកថតសាឡើងវិញដោយតម្រូវឲ្យសិល្បករខ្មែរ សម្តែង។ ការរិះគន់ក៏ព្រោះតែកន្លងមកតួ ឯកក្នុងខ្សែភាពយន្តនេះគឺនាង ស៊ូវ៉ាន់ណន្ត គង់់យីង( Suvanant Kongying )ទស្សនិកជនខ្មែរហៅក្រៅថានាងផ្កាយព្រឹកបាន និយាយថា ប្រាសាទអង្គវត្តគឺជារបស់ជនជាតិនាង ។ ការលើកឡើងកាលពីអំឡុងឆ្នាំ២០០៣នោះត្រូវបានគេចាំបានដែរថាមានប្រតិកម្មធ្ងន់ៗពីប្រមុខថ្នាក់ដឹកនាំកម្ពុជា និងលេចចេញការតវ៉ានិងផ្ទុះចេញជាបាតុកម្មរហូតធ្វើឲ្យមានការវាយកម្ទេចហាង ទំនិញក្រុមហ៊ុន រួមទាំងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ផង ធ្វើឲ្យខូចខាតសរុបជាទឹកប្រាក់ជាង៥០លានដុល្លារអាមេរិក ។
មានអ្នករិះគន់ជាច្រើនលើកឡើងថា មានរឿងជាច្រើនដែលខ្មែរអាចនិពន្ធនិង ផលិតបានមានគុណភាពខ្ពស់ផងដែរគឺ មិនចាំបាច់យកខ្សែភាពយន្តបរទេសមក ផលិតលំនាំតាមនោះទេ។ ក្រៅពីការនិពន្ធរឿងថ្មីជាច្រើននោះខ្មែរក៏មានរឿងចាស់ជាច្រើនដែលមានគុណតម្លៃនៃការអប់រំជាច្រើនយកមកផលិតជាខ្សែភាពយន្តថ្មីឡើងវិញបានផងដែរ។ ក្រៅពីការរិះគន់ខាងលើមតិប្រជាពលរដ្ឋជាច្រើនបានស្នើឲ្យ ក្រសួងពាក់ព័ន្ធពិសេសសក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេតាជួយត្រួតពិនិត្យលើបញ្ហាខាងលើ។
គេចាំបានថា កុបកម្មផ្ទុះឡើងកាលពី ចុងខែមករា ឆ្នាំ២០០៣ នាងស៊ូវ៉ាន់ណន្ត គង់់យីង( Suvanant Kongying )ទស្សនិកជនខ្មែរហៅក្រៅថានាងផ្កាយព្រឹកបាន និយាយថា ប្រាសាទអង្គរវត្តគឺជារបស់ជនជាតិនាង។ ពាក្យសម្តីនេះបានលេចចេញ ប្រតិកម្មខ្លាំងៗពីប្រជាជនខ្មែរដែលគ្រានោះសម្តេចតេជោ ហ៊ុន សែនក៏មានប្រសា សន៍លើកឡើងថា “តម្លៃរបស់នាងនោះ មិនស្មើស្លឹកស្មៅ ក្បែរអង្គរផង”។ ក្រោយការលើកឡើងរបស់តារាថៃនេះដែររដ្ឋាភិបាលកម្ពុជាបានហាមចាក់ផ្សាយគ្រប់ភាពយន្តថៃនៅស្ថានីយទូរទស្សន៍ទូទាំងប្រទេសកម្ពុជា។កុបកម្មប្រឆាំងស្ថានទូតថៃបាន កើតឡើងនៅថ្ងៃ២៩ ខែមករា ឆ្នាំ២០០៣ ដោយកុបករបានវាយលុកចូលស្ថានទូតថៃនិងវាយបំផ្លាញអគារពាណិជ្ជកម្មថៃ មួយចំនួន នៅភ្នំពេញដែលបំផ្លាញទ្រព្យ សម្បត្តិគិតជាទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក ៕ វឌ្ឍនា