ព័ត៌មានទាន់ហេតុការណ៍៖

រត់ប្រណាំងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រថ្ងៃដំបូងមានប្រជាពលរដ្ឋ និងសិស្សានុសិស្ស៧០០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្រាប់កម្មវិធីរត់ប្រណាំងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៥ ជុំទី២ដែលខេត្តព្រះសីហនុធ្វើម្ចាស់ផ្ទះក្នុងការរៀបចំរយៈពេល៣នោះ គឺវិញ្ញាសាកីឡាត្រូវប្រកួតមុនគេដើម្បីអបអរសាទរពិធីបុណ្យនេះ គឺវិញ្ញាសារត់ប្រណាំងចម្ងាយ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ បានដំណើការប្រកួតរួចហើយក្នុងចំណោមកីឡាទាំង១២ប្រភេទ ដោយមានប្រជាពលរដ្ឋ និងសិស្សនុសិស្សាចូលរួមរត់ប្រមាណជាង៧០០នាក់។ នេះបើតាមការបញ្ជាក់ពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅឆ្នេរអូរឈើទាល ។

លោកបន្តទៀតថា ចំពោះវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្របន្តាក់គ្នាផ្នែកនារីធ្វើឡើងចំនួន១០ជុំ និងវិញ្ញាសា១០គីឡូម៉ែត្រ ផ្នែកបុរសត្រូវរត់បន្តាក់គ្នាចំនួន២០ជុំ។ ព្រឹត្តិការណ៍មានប្រជាពលរដ្ឋ និងសិស្សានុសិស្សចុះឈ្មោះចូលរួមរត់ប្រណាំងជាង៧០០នាក់ មកពីអង្គការគ្រឹះស្ថានឧត្តមសិក្សានិងសាលារៀនរដ្ឋ សាលារៀនឯកជន មួយចំនួននៅជុំវិញខេត្តព្រះសីហនុចំនួន៧សាលា ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រឆ្នាំនេះ មានលក្ខណៈល្អប្រសើរ ដោយបានត្រៀមលក្ខណៈដូចជា អាជ្ញាធរ គណៈកម្មកម្មការ រៀបចំនិង គណៈកម្មការនាឡិកាម៉ែត្រ គ្រូពេទ្យប្រចាំការ ។ ម្យ៉ាងវិញទៀតកម្មវិធីរត់ប្រណាំងនេះ បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស បានទំនាក់ទំនងគ្នា ចេះធ្វើការងារជាក្រុមនិងដើម្បីសុខភាព។

ទន្ទឹមនឹងការលើកឡើងរបស់លោកអគ្គលេខាធិការខាងលើនេះដែរ សិស្សានុសិស្ស ដែលបានចូលរួមរត់ប្រណាំងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ចំពោះការបង្កើនឲ្យមានកម្មវិធីរត់នេះឡើង ព្រោះបានធ្វើឲ្យ “ពួកខ្ញុំជាសិស្សានុសិស្ស ប្រជាពលរដ្ឋ មានឱកាដបានជួបជុំគ្នា ប្រស្រ័យទាក់ទងគ្នារាប់អានពិសេសក្នុងនាមពួកយើងជាម្ចាស់ផ្ទះនៃខេត្តព្រះសីហនុ ចង់ចូលរួមអបអរសាទរពិធីបុណ្យសមុទ្រដ៏អស្ចារ្យ” និងដើម្បីសុខភាពមិត្តភាពសាមគ្គីភាព ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំ២០១៦ ដែលព្រឹត្តិការណ៍ទៅរយៈពេល៣ថៃ្ង នៅខេត្តព្រះសីហនុនេះ មានប្រភេទកីឡាប្រកួតអបអរសាទរចំនួន១២ប្រភេទ កីឡាក្នុងនោះ មានដូចជាកីឡារត់ប្រណាំង បាល់ទះ បាល់ទាត់ឆ្នេរខ្សាច់ ប្រណាំងកង់វិលជុំ ប្រណាំងម៉ូតូទឹក កីឡាហោះហើរ កីឡាទូកក្តោង ប្រដាល់គុនខ្មែរ ប្រកួតយុទ្ធសិល្ប៍គុនល្បុក្តតោ ចំបាប់បូរាណ តេក្វាន់ដូ និងកីឡាJIU JITSU ៕ សារីម

se-1 se-2


ចែករំលែក៖