ព័ត៌មានទាន់ហេតុការណ៍៖

ដេនី ក្វាន់ ត្រូវក្រសួងដាក់បម្រាមមិនឲ្យឡើងទូរទស្សន៍ពី៣ទៅ៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពីអ្នកផលិតកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយចំនួនបានទម្លាយដូចៗគ្នាថាគ្រប់ ស្ថានីយទូរទស្សន៍ទាំងអស់ទទួលបានសេចក្ដីជូនដំណឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការបិទមិនអោយកញ្ញា ដេនី ក្វាន់ តារាសម្ដែងសិចស៊ី ឡើងបង្ហាញវត្តមានក្នុងកម្មវិធីទូរទ្សន៍គ្រប់កម្មវិធី ។

ការដាក់បម្រាមនេះ ត្រូវបានគេដឹងថា នាងបាន ផ្គើនទៅនឹងការរិះគន់របស់មហាជន និងបម្រាមរបស់មន្ត្រីក្រសួង រហូតធ្វើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លែងទុកមុខឲ្យនិងមានចំណាត់ការទៅតាមគោលការណ៍ក្រសួងគឺតម្រូវឲ្យ គ្រប់ស្ថានីយទូរទ្សន៍ក្នុងស្រុកផ្អាកការហៅតារាស្រីរូបនេះ ឡើងលើកម្មវិធីនានារបស់ទូរទស្សន៍ ។

កញ្ញា ដេនី ក្វាន់ បានបង្ហាញភាពសិចស៊ីជ្រុលហួសពីអ្វី ដែលក្រសួងអាចទទួលយកបាននាពេលកន្លងមក ហើយបានកោះហៅនាងមកណែនាំម្ដងរួចទៅហើយ ប៉ុន្តែកាលពីដើមខែនេះនាង បានបញ្ចេញភាពសិចស៊ី សារជាថ្មីបំពានទៅនឹងការហាមប្រាមរបស់ក្រសួង។ឆ្លើយតបទៅនឹងការបំពានចុងក្រោយនេះ ក្រសួងបានជូនដំណឹងទៅគ្រប់ស្ថានីយទូរទ្សន៍មិនអោយកញ្ញា ដេនី ក្វាន់ មានវត្តមានក្នុងកម្មវិធីផ្សាយលើកញ្ចក់ទូរទស្សន៍ក្នុងរយៈពេល៣ទៅ៥ឆ្នាំ។ គេនៅមិនដឹងទេថាតើការដាក់បម្រាមនេះនឹងបញ្ឈប់អាជីពសិល្បៈនាងទាំងស្រុងដែរឬយ៉ាងណា។

គេនៅមិនទាន់អាចទាក់ទងកញ្ញា ដេនី ក្វាន់ សុំការបំភ្លឺជុំវិញ ករណីនេះ បានទេ ដោយទូរសព្ទរបស់នាងមិនអាចទាក់ទងបាន។

គេចាំបានដែរថា កាលពីពាក់កណ្តាល ឆ្នាំ២០១៦ តារាសម្តែងសិចស៊ី កញ្ញាដេនី ក្វាន់ ធ្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈការបង្ហាញរូបថតនិងការស្លៀកពាក់សិចស៊ីចូលរួមក្នុងកម្មវិធីនានារហូតទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។ ក្រោយពីទទួលបានការអប់ណែនាំមន្ត្រីក្រសួងមកនាងបានផ្អាកភាពសិចស៊ីរបស់នាងមួយដង្ហើមខ្លី ប៉ុន្តែនៅដើមខែធ្នូនេះនាងបានទម្លាយរូបថតជាច្រើនសន្លឹកដែលបង្ហាញពីភាពសិចស៊ីស្ទើលើសដើមនិងលេចចេញការរិះគន់ជាថ្មី ទើបក្រសួងបានចេញសេចក្តីប្រកាសបិទឲ្យនាងចូលរួមកម្មវិធីកម្សាន្តនានារបស់ទូរទស្សន៍ទុកជាការព្រមានចំពោះសិល្បករដទៃផងដែរ៕ វឌ្ឍនា

img_2414


ចែករំលែក៖