ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងជាលើកដំបូងសម្រាប់តារាសម្តែងក្នុងស្រុកដែលហ៊ានចេញមុខប្រកាសមិនទទួលថតខ្សែភាពយន្តដែលចម្លងមកពីប្រទេស ថៃមកឲ្យតារាសម្តែងខ្មែរថតឡើងវិញ។ សួង សុខារ៉ានីតថា ការចំណាយថវិកាតិចនឹងធ្វើឲ្យខ្សែភាពយន្តដែលតារាខ្មែរចូលរួមសម្តែងកាន់តែមើលឃើញពីភាពកម្សោយនៃគុណភាពខ្សែភាពយន្តខ្មែរ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្រោយពីមានការរិះគន់មួយចំនូនទាក់ទងនឹងការដែលឲ្យអ្នកដឹកនាំសម្តែងមកពី ប្រទេសថៃយកខ្សែភាពយន្តដែលថៃថត និងដាក់បញ្ចាំងចប់មកផលិតសាជាថ្មីដោយតម្រូវឲ្យតារាខ្មែរសម្តែងត្រាប់តាមឡើង វិញនោះ។
កញ្ញា សួង សុខារ៉ានីត លើកឡើងគ្រាដែលនាងចូលរួមកម្មវិធីសម្ពោធភាពយន្តខ្មែររឿង”សួស្តីលោកគ្រូកំលោះ” ថា បន្ទាប់ ពីចុះថតផ្ទាល់នាងបានដឹងថាភាពយន្តដែលយកមកឲ្យសិល្បករខ្មែរថតឡើងវិញគឺមិនមានគុណភាពគ្រប់គ្រាន់ព្រោះតែការ ចំណាយមានទំហំតិចតួច។ នាងថាកាលណាផលិតករចំណាយច្រើននឹងនាំឲ្យរឿងនោះខាត ប៉ុន្តែបើចំណាយតិចនាំឲ្យរឿងនោះស្ទើរមិនដល់ការសម្តែងរបស់តារាថៃ ហើយនឹងនាំឲ្យគេយល់ថាតារាខ្មែរលេង មិនដល់តារាថៃ។ កញ្ញាបន្តថា “យើងយករឿងល្បីខ្លាំងរបស់គេមកថតប៉ុន្តែធ្វើមិន ដល់គេនោះនឹងនាំឲ្យមានការមាក់ងាយ មួយ”។ ទោះជាយ៉ាងណានាងស្នើមិន បញ្ចេញឈ្មោះស្ថានីយទូរទស្សន៍និងចំណងជើងនៃខ្សែភាពយន្តថៃទាំងនោះជៀសវាងការថ្នាំងថ្នាក់រវាងផលិតករនឹងតារា សម្តែង។ នាងមិនបានស្នើឲ្យសិល្បករ ទាំងអស់ផ្អាកការសម្តែងឲ្យស្ថានីយទូរទស្សន៍នោះទេ ប៉ុន្តែសម្រាប់នាងគឺសុំមិនទទួលថតបើទោះបីជាស្ថិតក្នុងកាលៈ ទេសៈណាក៏ដោយ។
ទោះជាយ៉ាងណាគេដឹងថាតារាស្រីវ័យ២៧ឆ្នាំរូបនេះទើបនឹងបញ្ចប់ការថតខ្សែភាពយន្តរឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥រឿង”ហង្សបាក់ស្លាប”ដែលជាខ្សែភាពយន្តល្បីឈ្មោះរបស់ថៃ ហើយត្រូវបាន សម្តែងឡើងវិញដោយតារាខ្មែរ។ ការថតខ្សែភាពយន្តមួយនេះត្រូវបានគេដឹងថា នាងអាចវាស់ស្ទង់ដឹងពីគុណភាពនៃការសម្តែងខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តថៃព្រោះតែខ្សែភាពយន្តភាគដែលផលិតនៅកម្ពុជាត្រូវបានគេដឹងថាចំណាយជា មធ្យមប្រមាណ២ពាន់ដុល្លារអាមេរិកក្នុង មួយភាគ ខណៈដែលខ្សែភាពយន្តថៃអស់រាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគនោះ។
គេចាំបានថានាពេលកន្លងមកថ្មីៗនេះគឺមានលេចចេញការប្រតិកម្មមួយចំនួនពីទស្សនិកជន បន្ទាប់ពីស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥បានយកសាច់រឿងរបស់ខ្សែភាពយន្តល្បីល្បាញរបស់ថៃមួយចំនួនមកផលិតសាជាថ្មីដោយតម្រូវឲ្យតារាសម្តែងខ្មែរសម្តែងឡើងវិញ។ ភាពយន្តទាំងនោះមានដូចជារឿង”កូនក្រមុំលោកមេឃុំ” រឿង”ហង្សបាក់ស្លាប” ហើយរឿងដែលមានការប្រតិកម្មខ្លាំងនោះគឺរឿង”ចន្ទវង្វេងមេឃ” ឬរឿង”នាងផ្កាយព្រឹក” ៕ វឌ្ឍនា